ដោយៈ គង់ សូរិយា
ប្រទេសចិនៈ អភិបាលក្រុងអ៊ូស៊ី នៃសាធារណៈរដ្ឋចិនបានសន្យាជម្រុញឲ្យមានអ្នកធុរកិច្ចចិន មកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុឲ្យកើនដល់៣០០ក្រុមហ៊ុន។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនកំពុងវិនិយោគកើនដល់២០០ក្រុមហ៊ុនរួចហើយ។
ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវា លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយ លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះផងដែរ ក៏មានពីធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងកំពង់ផែ (ជាំង អ៊ីន) ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។
លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី បានបង្ហាញពីគោលបំណងសំខាន់បីរបស់ក្រុង អ៊ូស៊ី រួមមាន ទី១ ជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ទី២. ទាក់ទាញការវិនិយោគពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុ ទី៣ ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ទាក់ទិននឹងគោលបំណងទី១ លោកអភិបាលក្រុងបានគូសបញ្ជាក់ពីចក្ខុវិស័យ ប្រកបដោយមហិច្ឆិតា ក្នុងការទាក់ទាញវិនិយោគិនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុឱ្យបានដល់ចំនួន៣០០ក្រុមហ៊ុន និងបង្កើតការងារបានចំនួន៨ម៉ឺនកន្លែង។
លោកអភិបាលក្រុង ក៏បានស្នើសុំការគាំទ្រ ក្នុងការអភិវឌ្ឍវិស័យថាមពលព្រះអាទិត្យ និងបៃតង និងបានសង្កត់ធ្ងន់លើតម្រូវការកាត់បន្ថយថ្លៃដឹកជញ្ជូន។
លើសពីនេះ លោកបានសម្តែងការសាទរ ចំពោះការហោះហើរត្រង់រវាងទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងមកនេះផងដែរ។
លោកអភិបាលក្រុង ក៏បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើវិស័យដូចជា ការអប់រំ សុខាភិបាលនិងទេសចរណ៍វប្បធម៌ផងដែរ។
ក្នុងឱកាសនោះ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោកZhao Jianjun អភិបាលក្រុង និងថ្នាក់ដឹកនាំក្រុងអ៊ូស៊ី ចំពោះគណៈប្រតិភូខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា “គោលដៅយុទ្ធសាស្ត្រទាំងបី ដែលស្នើឡើងដោយអភិបាលក្រុង គឺត្រូវបានបំពេញយ៉ាងពេញលេញ ជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា”។
លោកម៉ាង ស៊ីណេត ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលក្រុងអ៊ូស៊ី សម្រាប់ការគាំទ្រក្នុងការបង្កើត សាលាបណ្តុះបណ្តាលពហុជំនាញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់។
លោកអភិបាលខេត្តក៏បានលើកឡើង ពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ដោយបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការជួយដល់ការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
អភិបាលក្រុងអ៊ូស៊ី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុងអ៊ូស៊ី កំពុងធ្វើការលើគម្រោងសាងសង់អគារសិក្សាបន្ថែមហើយ។ ភាគីទាំងពីរក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជំរុញឱ្យប្រជាជននៅទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុទៅកម្សាន្ត នៅតំបន់ទេសចរណ៍រវាងខេត្តក្រុងទាំងពីរ និងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផងដែរ៕