ដោយៈសុខុម
វ៉ាស៊ីនតោន: ទីបំផុតក្រុមអ្នកចរចាកំពូលៗនៅវិមានរដ្ឋសភាអាមេរិក Capitol Hill បានបានអនុម័ត ទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចពីវីរុសកូវីដ-១៩ រហូតដល់ទៅជិត១ទ្រីលានដុល្លារ ដើម្បីជួយដល់អាជីវកម្មនានា និងប្រជាពលរដ្ឋ ព្រមទាំងគម្រោងចែកចាយវ៉ាក់សាំង ដែលពលរដ្ឋអាមេរិកកំពុងត្រូវការជាខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២១ ធ្នូនេះ។
កិច្ចព្រមព្រៀងដ៏អូសបន្លាយ ដែលត្រូវបានប្រកាសដោយថ្នាក់ដឹកនាំ នៃព្រឹទ្ធសភានេះ នឹងជួយផ្ដល់ប្រាក់ឧបត្ថម្ភគ្មានការងារធ្វើបន្ថែម ជាបណ្ដោះអាសន្នចំនួន៣០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយសប្ដាហ៍ និងការបើកប្រាក់ស្ដារសេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៦០០ដុល្លារ ក្នុងមនុស្សម្នាក់ទៅដល់ពលរដ្ឋអាមេរិកភាគច្រើន រួមជាមួយការឧបត្ថម្ភធនជាថ្មី សម្រាប់អាជីវកម្មនានាដែលមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងប្រាក់ឧបត្ថម្ភសាលារៀន អ្នកផ្ដល់សេវាថែរទាំសុខភាព និងអ្នកជួលដែលប្រឈមការបណ្តេញចេញ។
គេរំពឹងថា រដ្ឋសភាអាមេរិកអាចនឹងបោះឆ្នោតអនុម័ត លើសេចក្ដីព្រាងច្បាប់នេះក្នុងថ្ងៃច័ន្ទទី២១ ធ្នូនេះ ហើយព្រឹទ្ធសភានឹងដំណើរការនីតិវិធីតាមក្រោយ។
ការទម្លាយភាពជាប់គាំងមួយនេះ សម្រេចបានកាលពីល្ងាចថ្ងៃសៅរ៍ ក្នុងពេលជជែកដេញដោលយ៉ាងក្ដៅគគុក ជុំវិញការប្រើប្រាស់សិទ្ធិអំណាច របស់ធនាគារកណ្ដាលអាមេរិកFederal Reserve ក្នុងស្ថានភាពបន្ទាន់ ដែលបានឈានទៅដល់ការចរចាជុំចុងក្រោយ។
កិច្ចព្រមព្រៀងជុំចុងក្រោយ គឺជាការអនុវត្តលើវិធានការចំណាយដ៏ធំបំផុត។ វារួមបញ្ចូលជំនួយស្ដារសេដ្ឋកិច្ចពីវីរុសកូវីដ-១៩ ជាមួយនឹងគម្រោងផ្ដល់មូលនិធិដ៏ធំ ដែលមានទំហំទឹកប្រាក់ប្រមាណ១,៤ ទ្រីលានដុល្លារ និងវិធានការពាក់ព័ន្ធផ្សេងទៀតលើពន្ធ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ។
ការអនុម័តកំពុងតែខិតជិតមកដល់ហើយ ស្របពេលករណីឆ្លង និងការស្លាប់ដោយសារវីរុសកូវីដ-១៩ កំពុងកើនឡើង និងភ័ស្ដុតាងបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងជួបការលំបាកខ្លាំង។
សេចក្ដីសម្រេចថ្មីៗ នឹងកំណត់អត្ថប្រយោជន៍ប្រាក់ឧបត្ថម្ភ អ្នកគ្មានការងារធ្វើ៣០០ដុល្លារសម្រាប់មនុស្សម្នាក់ ក្នុងមួយសប្ដាហ៍មកនៅត្រឹម១០សប្ដាហ៍ ជំនួសឱ្យ១៦ សប្ដាហ៍កាលពីមុន។ ការបើកថវិកាស្ដារសេដ្ឋកិច្ចដោយផ្ទាល់ចំនួន៦០០ដុល្លារ សម្រាប់មនុស្សម្នាក់ទៅដល់ពលរដ្ឋភាគច្រើន ក៏ត្រូវកាត់បន្ថយពាក់កណ្ដាលផងដែរ ធៀបនឹងការបើកឱ្យកាលពីខែមីនា ហើយក៏ត្រូវកំណត់ប្រាក់ចំណូលផងដែរ ដែលមានន័យថា រដ្ឋនឹងលែងបើកប្រាក់ឧបត្ថម្ភឱ្យ សម្រាប់អ្នកដែលទទួលបានចំណូល៧៥.០០០ដុល្លារក្នុងមួយឆ្នាំ។
ប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញជំហរគាំទ្រ ជាពិសេសការជំរុញឱ្យផ្ដល់ការបើកប្រាក់ស្ដារសេដ្ឋកិច្ចដោយផ្ទាល់បន្ថែម។ លោកបានសរសេរលើផូសបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រ កាលពីថ្ងៃសៅរ៍កន្លងទៅថា “ឆាប់អនុវត្តន៍វាទៅ”៕