ស្ថាប័នអន្តរជាតិធំៗ៖ សេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមវិលទៅរកកំណើនល្អប្រសើរនៅឆ្នាំ២០២១

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ស្ថាប័នអន្តរជាតិធំៗចំនួន២ ដែលរួមានធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះទៅរកកំណើនវិជ្ជមាននៅឆ្នាំ២០២១ ខណៈបច្ចុប្បន្នសកម្មភាពសេដ្ឋកិច្ចកម្ពុជាកំពុងចាប់ផ្តើមកម្រើកឡើងវិញ។

យោងតាមរបស់របាយការណ៍ចុងក្រោយ World Bank បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។ ប៉ុន្តែ ADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើង ៥.៩ ភាគរយនៅឆ្នាំក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

World Bank បានឱ្យដឹងនៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ថា សេដ្ឋកិច្ចត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។

ជាមួយគ្នានេះដែរ លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB កម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០% ភាគរយក្នុងឆ្នាំ ២០២០ ហើយកំណើននឹងស្ទុះឡើង ៥.៩ ភាគរយនៅឆ្នាំ ២០២១។

លោកបានឱ្យដឹងទៀតថា “កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម”។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា”ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ”។

លោកស្រីបន្តទៀតថា “ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុកនិងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ”។

លោកស្រីបានថ្លែងថា “លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here