ដោយៈ ចំណាន
ប្រទេសចិនៈ លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោក SUN Shougang អភិបាលរងខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តមួយ ប្រកបដោយសក្តានុពលទីផ្សារ ដោយមានប្រជាជនប្រមាណ១០០លាននាក់។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់នូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងនេះ និងបានអនុញ្ញាតជូនមន្ទីរពាណិជ្ជកម្មខេត្តហឺណាន ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ។
បន្ទាប់ពីជំនួបនេះ លោករដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ហើយក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើន ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។
ជាមួយគ្នានេះ លោកលឹម ឡោកពិសិដ្ឋ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកទំហំនាំចូល ផលិតផលកម្ពុជាសំខាន់ៗដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណា ក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ -ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម៕