ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាមេរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub ចំពោះការយកចិត្តទុកដាក់ និងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យនេះឱ្យលេចចេញជារូបរាង។
លោកជំទាវរដ្ឋមន្ត្រីបន្តថា “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយ ដែលបញ្ជាក់ឱ្យឃើញ ពីការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានចូលរួម ក្នុងកម្មពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី (AWE) នេះកាលពីខែកញ្ញា កន្លងទៅ ហើយនៅពេលនេះ លោកជំទាវ បានចូលរួមជាថ្មីដើម្បីជាសក្ខី នៃសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល៩ខែ របស់បេក្ខជនទាំង៣០រូប ជាពិសេសការប្រកាសសមាសភាពជ័យលាភីនៃ Pitch Competition ចំនួន៣រូប នាពេលនេះ។
លោកជំទាវចម និម្មលបានលើកឡើងពីមជ្ឈមណ្ឌលសេវានាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដោយបានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ ពិសេសសហគ្រិនស្ត្រី ដែលត្រូវការជំនួយគាំទ្រពីក្រសួងពាណិជ្ជកម្ម អាចទំនាក់ទំនងមកក្រុមការងារ នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈបណ្ដាញទំនាក់ទំនងសង្គម របស់ក្រសួងពាណិជ្ជដោយផ្ទាល់ ផងដែរ។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្ដីរំពឹងថាបេក្ខជនទាំងអស់ ដែលទទួលបានជោគជ័យ ក្នុងវគ្គបណ្តាលបណ្តាលនាពេលនេះ នឹងបន្តជំរុញសក្តានុពលរបស់ខ្លួន តាមរយៈការពង្រីកអាជីវកម្ម និងជម្រុញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ នាពេលខាងមុខ។
លោកជំទាវរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ ចំពោះការបិទបញ្ចប់ដោយជោគជ័យនៃ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” នេះ និងបានសាទរចំពោះជ័យលាភីទាំងបីរូប ដែលដណ្ដើមបានជ័យជំនះ ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ព្រមទាំងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងមានវគ្គបណ្តាលបណ្តាលជំនាន់ទី២ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕