ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ទុះងើបឡើងជាង១ដុល្លារក្នុងមួយបារ៉ែលក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចចិត្តបង្កើនទិន្នផលប្រេងឆៅនៅក្នុងខែកក្កដាខាងមុខក្នុងបរិមាណដូចគ្នានឹងខែឧសភា និងខែមិថុនានេះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,១៩ដុល្លារ ឬ១,៩ភាគរយ ដល់៦៣,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0044 GMT បន្ទាប់ពីបានធ្លាក់ចុះ០,៩ភាគរយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១,៣ដុល្លារ ឬ២,១៤ភាគរយដល់៦២,០៩ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានសម្រេចចិត្តកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងការបង្កើនទិន្នផលប្រេងឆៅចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា៕