ក្រុមហ៊ុនចិន និងអូស្រ្តាលីចាប់អារម្មណ៍វិនិយោគនៅខេត្តកំពង់ធំ

ដោយៈ គង់ ម៉ាណា

    កំពង់ធំៈ បណ្តាក្រុមហ៊ុនធំៗមកពីប្រទេសចិន និងអូស្រ្តាលីបានបង្ហាញពីផែនការពង្រីកការវិនិយោគ លើដំណាំកសិឧស្សាហកម្មនៅក្នុងខេត្តកំពង់ធំ។

ព័ត៌មានគួរឲ្យរីករាយនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង លោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានមានជំនួបដាច់ដោយឡែកចំនួន២ ជាមួយក្រុមហ៊ុនវិនិយោគិនចិន និងក្រុមហ៊ុនវិនិយោគិនអូស្រ្តាលី ដែលកំពុងសម្រេចចិត្ត ក្នុងការដាក់ទុនវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលខេត្ត បានទទួលជួប លោក HU Jun អគ្គនាយកសហគ្រាស ផលិតគ្រាប់ស្វាយចន្ទី កម្ពុណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគ ក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។

នៅក្នុងជំនួបនេះ លោកបានជម្រាបជូនគណៈប្រតិភូ អំពីសក្តានុពល និងកាលានុវត្តភាព ក្នុងការវិនិយោគលើវិស័យស្វាយចន្ទី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូន គណៈប្រតិភូក្រុមហ៊ុនអំពី គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីជំនួបខាងលើ លោកបានទទួលជួប លោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី ហ្វាមីង ឌីវេឡុបម៉ិន ឯក. (J7-AAG Farming Development Co., Ltd) ដែលក្រុមហ៊ុនរបស់លោក បានសម្រេចចិត្តដាក់ទុនវិនិយោគ និងមានគម្រោងចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មដំណាំកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។

លោកនួន ផារ័ត្នបានអបអរសាទរ និងលើកទឹកចិត្តចំពោះការសម្រេចដាក់ទុនវិនិយោគ នៅក្នុងខេត្តកំពង់ធំ តាមរយៈការសម្លឹងឃើញអំពីសក្តានុពល និងកាលានុវត្តភាពជាច្រើនរបស់ខេត្ត។

លោកបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីការត្រៀមរួចជាស្រេច ក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន នៅលើរាល់ឯកសាររដ្ឋបាលចាំបាច់នានា ដើម្បីធានាឱ្យដំណើរល្អប្រសើរ នៃការវិនិយោគរបស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here