ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតុលាការសហព័ន្ធអាមេរិកបានសម្រេចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលោភសិទ្ធិអំណាច ជាមួយនឹងការប្រកាសពន្ធគយបដិការលើបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកកាលពីខែមេសា។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៤២ភាគរយ គិតត្រឹមម៉ោង១១:០៧នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៥៩ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ១,៤៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៦៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៧២ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៧២ភាគរយ៕