ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ច របស់ស្នងការផ្នែកពាណិជ្ជកម្ម និងវិនិយោគិនកាណាដា មកកាន់ប្រទេសកម្ពុជា នៅចុងខែឧសភានេះ នឹងផ្តល់ផលវិជ្ជមានសម្រាប់កម្ពុជា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា ទាក់ទាញអ្នកវិនិយោគកាណាដា ឱ្យចូលមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសប្រទេសកាណាដា កាលពីថ្ងៃទី២៥ ខែឧសភាបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភាខាងមុខនេះ លោកស្រី Sara Wilshaw ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងជាឧបការីអនុរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិ នៃក្រសួងការបរទេសកាណាដា នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកាណាដា ដ៏ធំបំផុតមិនធ្លាប់មានមកកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មក្រុមកាណាដាសម្រាប់ឆ្នាំ ២០២៥ (TCTM) ទៅកាន់ប្រទេសថៃ និងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា នៅរាជធានីភ្នំពេញ លោកស្រី Wilshaw នឹងមានការចូលរួមដោយតំណាងចំនួន ៩០នាក់ មកពីស្ថាប័នកាណាដាជាង៥០ ដែលស្វែងរកឱកាសពាណិជ្ជកម្ម និងភាពជាដៃគូនៅក្នុងសេដ្ឋកិច្ចអាស៊ានដ៏រស់រវើកនេះ។ បេសកកម្មនេះបំពេញបន្ថែម លើទំនាក់ទំនងទ្វេរភាគី ដែលកាន់តែស៊ីជម្រៅ បន្ទាប់ពីដំណើរទស្សនកិច្ចផ្សព្វផ្សាយ ជំរុញការវិនិយោគទៅប្រទេសកាណាដារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែកញ្ញា ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្នុងនាមជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្ម TCTM ជួយដល់ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនច្នៃប្រឌិតកាណាដាឱ្យពង្រីកខ្លួន ទៅកាន់ទីផ្សារយុទ្ធសាស្ត្រ នៅកម្រិតសកល គឺកាណាដា នឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូរយៈពេលវែង ប្រកបដោយបរិយាបន្ន តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ និងភាគីពាក់ព័ន្ធក្នុងស្រុក។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Sara Wilshaw នឹងមានកម្មវិធីសំខាន់ៗជាច្រើនដូចជា ជំនួបប្រជុំរវាងលោកស្រី Wilshaw ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), លោកបណ្ឌិតសុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក៏មានជំនួបផ្គូរផ្គងផ្នែកឯកជន B2B រវាងអ្នកវិនិយោគនៃប្រទេសទាំង ២ផងដែរ។
យោងតាមស្ថិតិអាជ្ញាធរប្រទេសកាណាដា គឺការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគីរវាងកាណាដា និងកម្ពុជា ក្នុងឆ្នាំ២០២៤ បានកើនដល់ ២,៤ពាន់លានដុល្លារ ដោយប្រទេសកាណាដាបានឈរនៅលំដាប់ទី៤ នៃទីផ្សារនាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌរបស់កម្ពុជា។ ក្នុងចំនួននេះ គឺទំនិញកាណាដានាំមកកម្ពុជា មានតម្លៃសរុប ៣៣,៥លានដុល្លារ និងទំនិញកម្ពុជានាំចូលកាណាដា មានចំនួនជាង ២,៣ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ការវិនិយោគផ្ទាល់របស់កាណាដានៅកម្ពុជា មានទឹកប្រាក់ប្រមាណ២,៩ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង ធ្លាប់បានលើកឡើងថា ប្រទេសកាណាដា គឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ទំនិញកម្ពុជា ដោយទឹកប្រាក់នាំចេញទំនិញរវាងប្រទេសទាំង ២ បានកើនឡើងស្ទើររាល់ឆ្នាំ។
លោកបន្តថា តាមរយៈបរិមាណនាំចេញទំនិញ ដ៏ច្រើនពីកម្ពុជា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏បានបើកការិយាល័យតំណាងសភាពាណិជ្ជកម្ម(CCC) នៅក្នុងប្រទេសកាណាដារួចហើយ។
លោកពន្យល់ថា ការិយាល័យតំណាងCCC នៅប្រទេសកាណាដា មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជា ទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មាន ដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា៕