ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារការធ្លាក់ថ្លៃចុះរបស់ប្រាក់ដុល្លារ និងការព្រួយបារម្ភលើទស្សនវិស័យសារពើពន្ធរបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចបន្ថែមទៀតរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមប្រមាណ៣.៣៤២ដុល្លារក្នុងមួយអោន។ ប៉ុន្តែ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៦ភាគរយដល់៣៣៤៣,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,៩១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,១១ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៥ភាគរយដល់៣៣,៤៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៤៧ភាគរយដល់១០៨៣,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៧៣ភាគរយដល់៩៨៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕