អាមេរិកប្រកាសដាក់ក្រុមហ៊ុនចិនចំនួនជិត១០០ទៀតចូលក្នុងបញ្ជីខ្មៅ

ដោយ៖ សុខុម

ក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ថា ខ្លួនបានរឹតបន្តឹងការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនចិន រហូតដល់ទៅ ៧៧ ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ចិន SMIC ផងដែរ។

ការប្រកាសត្រូវបានធ្វើឡើង ក្នុងគោលបំណងធ្វើយ៉ាងណាកុំឱ្យក្រុមហ៊ុននេះអាចលួចបានបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដោយសារមានការអះអាងថា ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយយោធាចិន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៩ ធ្នូ។

ការប្រកាសក្រោមរដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនៅសល់តែប៉ុន្មានសប្ដាហ៍ទៀតនឹងចប់អាណត្តិនេះ ធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង កាន់តែល្អក់កករនឹងគ្នា។ រដ្ឋការរបស់លោក ត្រាំ បានផ្ដើមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានដាក់ក្រុមហ៊ុនចិន ធំៗ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចិន រាប់រយចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ការចុះក្នុងបញ្ជីខ្មៅដែលរឹតបន្តឹងសមត្ថភាពរបស់បណ្ដាក្រុមហ៊ុនអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន ទាំងនេះ គឺធ្វើឡើងដោយសារមានការចោទប្រកាន់ជាច្រើនរួមមានការរំលោភសិទ្ធិមនុស្ស សកម្មភាពយោធារបស់ចិន ជាពិសេសនៅសមុទ្រចិន ខាងត្បូង ព្រមទាំងការលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

លោកបានថ្លែងទៀតថា “អំពើពុករលួយ និងចរិតធ្វើបាបអ្នកទន់ខ្សោយរបស់ប្រទេសចិន ទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បំផ្លាញអធិបតេយ្យភាពនៃបណ្ដាសម្ព័ន្ធមិត្ត និងដៃគូរបស់យើង និងរំលោភសិទ្ធិមនុស្ស ព្រមទាំងសេចក្ដីថ្លៃថ្នូរ និងជំនឿសាសនារបស់ជនជាតិដើមភាគតិច”។
លោកបានថ្លែងទៀតថា “ពាណិជ្ជកម្មនឹងដើរតួរនាទីយ៉ាងសំខាន់ដើម្បីធានាថា បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងយោងទៅតាមគោលការណ៍បើកចំហ និងទីផ្សារសេរី មិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងបង្កគ្រោះថ្នាក់ ឬរំលោភបំពានឡើយ”។

សហរដ្ឋអាមេរិក អះអាងថា ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ចិន SMIC ទទួលបានការឧបត្ថម្ភលុយជាច្រើនពាន់លានដុល្លារពីរដ្ឋាភិបាលក្រុងប៉េកាំង ហើយក្រុមហ៊ុននេះជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពឱ្យខ្លួនមានឯករាជម្ចាស់ការផ្នែកបច្ចេកវិទ្យា ដោយមិនចាំបាច់ពឹងផ្អែកប្រទេសដទៃ។

មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ក្រុមហ៊ុន SMIC បានធ្វើការជាមួយយោធាចិន លើគម្រោងអភិវឌ្ឍន៍កាំជ្រួចផ្លោងរយៈចម្ងាយឆ្ងាយ និងមធ្យម និងអាវក្រោះសម្រាប់ទាហានចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here