ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពន្យារកាលផុតកំណត់សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដោយបន្ធូរបន្ថយការព្រួយបារម្ភអំពីការគំរាមពន្ធរបស់សហរដ្ឋអាមេរិកលើប្លុក EU ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៧សេន ឬ០,៦ភាគរយ ដល់៦៥,១៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0001 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣៤សេនដល់៦១,៨៧ដុល្លារក្នុងមួយបារ៉ែល។
លោក ត្រាំ បានអះអាងថា លោកបានឯកភាពពន្យារកាលផុតកំណត់សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានអះអាងថា EU ត្រូវការពេលវេលាបន្ថែមទៀតដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងមួយ៕