ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំទឹកប្រាក់៧៩៨លានដុល្លារក្នុងរយៈពេល១១ខែ

ដោយ៖ សាវុធ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានតម្លៃ ៧៩៨ លានដុល្លារក្នុងរយៈពេល ១១ ខែដំបូង ឆ្នាំនេះ ធ្លាក់ចុះ ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ចេញផ្សាយកាលថ្មីៗនេះ។

របាយការណ៍បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៩១ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២០ ធ្លាក់ចុះ ៤,៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមានតម្លៃ ៥០៧ លានដុល្លារ ថយចុះ ២០ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅកូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបរិក្ខារអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម ខណៈការនាំចូលសំខាន់ៗពីប្រទេសកូរ៉េមានយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក ។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានមានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ កើនឡើង ៦ ភាគរយដល់ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៣៦ លានដុល្លារ។

ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ នៅពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានបញ្ចប់ ហើយកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន។

ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងទើបតែបញ្ចប់ការចរចា FTA លើកទី ៤ កាលថ្មីៗនេះ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់មានប្រសាសន៍កាលពីខែវិច្ឆិកាថា លទ្ធផលនៃការចរចានេះបានបង្ហាញពីវឌ្ឍនភាពវិជ្ជមាន ហើយមានតែចំណុចដែលទាក់ទងនឹងទំនៀមទម្លាប់ ដែលនៅសេសសល់នឹងត្រូវពិភាក្សានៅក្នុងកិច្ចចរចាបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here