ដោយចរិយា
ភ្នំពេញៈ អនុវត្តន៍តាមប្រសាសន៍សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញអោយមានការអភិវឌ្ឍវិស័យកសិកម្ម បង្កើនផលិតកម្មក្នុងស្រុក ដោយកាត់បន្ថយការនាំចូលពីក្រៅប្រទេស, រដ្ឋមន្ត្រីសំខាន់ៗពីររូប គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជួបពិភាក្សាពីការពង្រឹងនូវផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងនាព្រឹកថ្ងៃទី១៦ កក្កដានេះថា កម្ពុជានឹងជំរុញអោយកសិករ បន្តបង្កើនផលិតកម្មចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ ទីផ្សារក្នុងស្រុកនិងឈានដល់ការនាំចេញ នៅពេលអនាគតខាងមុខ ខណៈក្រសួងពាក់ព័ន្ធ ជំនាញកំពុងខិតខំរឹតត្បិតការនាំចូលសត្វពីខាងក្រៅ ។
ក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីទាំងពីរ គឺធ្វើឡើងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបាន លើការនាំចូលសត្វខុសច្បាប់ ក្នុងបំណងចំបងគឺដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម ចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានមានប្រសាសន៍កន្លងមកថា ក្នុងពេលបច្ចុប្បន្ននេះ ជាឱកាសសម្រាប់កម្ពុជាដែលជាប្រទេសកសិកម្ម ក្នុងការពង្រីកនិងអភិវឌ្ឍន៍វិស័យកសិកម្ម ខណៈតម្រូវការលើពិភពលោកកំពុងតែកើនឡើង ពីព្រោះថាក្នុងកាលៈទេសៈនេះ អ្វីៗត្រូវបានកាត់បន្ថយដូចជាសម្ភារប្រើប្រាស់នានា ក៏ប៉ុន្តែសម្រាប់របស់ច្រកក្រពះ មិនមានការកាត់បន្ថយទេ ដូច្នេះហើយតម្រូវការនឹងកាន់កើនឡើង។
សម្ដេចបានជំរុញអោយមន្ត្រីពាក់ព័ន្ធទាំងឡាយ ត្រូវអនុវត្តន៍ និងដោះស្រាយនូវបញ្ហារបស់កសិករ ធ្វើយ៉ាងណាអោយកសិករ មានភាពងាយស្រួលទាំងការចិញ្ចឹមសត្វ និងការដាំដុះ ដើម្បីបង្កើនផលិតកម្មទាំងនេះ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងគោលដៅនាំចេញនៅពេលខាងមុខនេះ៕