ដោយៈ គង់ សូរិយា
វៀតណាមៈ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានបើកកិច្ចប្រជុំ នៅខេត្តអានយ៉ាងប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាលើកិច្ចសហការ ក្នុងការដឹកជញ្ជូនតាមផ្លូវគោករវាងប្រទេសទាំងពីរ។
ភាគីកម្ពុជាដឹកនាំដោយលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជា និងលោកស្រី ផាន ធី ធូ ហៀន អនុប្រធាននាយកដ្ឋានផ្លូវគោកវៀតណាម នៃក្រសួងសំណង់ នៃប្រទេសវៀតណាម។
លោកឧកញ៉ា សូ ងួន អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន” ផ្នែកឯកជនតំណាង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិរាជរដ្ឋាភិបាល- ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ក៏បានចូលរួមផងដែរ។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងពីរ កម្ពុជា-វៀតណាម, តំណាងសមាគមធុរកិច្ចឯកជនក្នុងវិស័យដឹកជញ្ជូន ប្រតិបិត្តករដឹកជញ្ជូនទាំងសងខាង និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ទាំងភាគីកម្ពុជា និងវៀតណាម។
កិច្ចប្រជុំទ្វេរភាគី ស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្កុជា-វៀតណាមនេះ ប្រារព្ធឡើងបន្ទាប់ពីមានការស្នើសុំ ពីសំណាក់ក្រុមការងារផ្នែកឯកជន ក្រុម “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន” ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជាំរៀងរាល់ឆ្នាំ ប៉ុន្តែត្រូវខកខានមួយរយៈ ដោយសារបញ្ហាផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ កន្លងទៅនេះ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិគ្រោះ ពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធ នឹងការដឹកជញ្ជូនតាមផ្លូវគោក របស់ភាគីទាំងពីរកម្ពុជា-វៀតណាម។
បន្ទាប់ពីកិច្ចពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួច តំណាងគណៈប្រតិភូទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការចុះហត្ថលេខា លើកំណត់ហេតុនៃការសម្រេច របស់អង្គប្រជុំជាផ្លូវការផងដែរ៕