ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង១ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអុីស្រាអែលកំពុងរៀបចំផែនការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អុីរ៉ង់ ដោយបង្កើនការភ័យខ្លាចថា ជម្លោះនេះអាចជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាបានកើនឡើង៨៦សេន ឬ១,៣២% ដល់៦៦,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0003 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៩០សេន ឬ១,៤៥% ដល់៦២,៩៣ដុល្លារក្នុងមួយបារ៉ែល។
កាសែត CNN បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះថា “ការស៊ើបការណ៍សម្ងាត់ថ្មីដោយសហរដ្ឋអាមេរិកបានបង្ហាញថា អុីស្រាអែលកំពុងរៀបចំវាយលុកទីតាំងនុយក្លេអ៊ែររបស់ប្រទេសអុីរ៉ង់”៕