ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជម្រុញឲ្យមានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋនៅទូទាំងប្រទេស។
លោករដ្ឋមន្រ្តីបានដឹកនាំកិច្ចប្រជុំនេះ ជាមួយអន្តរក្រសួង ដើម្បីពិភាក្សាអំពីវិសាលភាព នៃអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងសេវាគាំពារសង្គមផ្សេងៗទៀត របស់រាជរដ្ឋាភិបាល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជន៍ ដែលបានចុះឈ្មោះលើថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កិច្ចពិភាក្សាក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួននៃការអនុវត្តកម្មវិធីអត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីត្រៀមរៀបចំសម្រាប់សមាជរដ្ឋសភា -ព្រឹទ្ធសភានាពេលខាងមុខផងដែរ។
គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុង ជំរុញលើកទឹកចិត្តក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបន្តផ្តល់កញ្ចប់អត្ថប្រយោជន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីអត្ថប្រយោជន៍ទាំងនេះ និងជំរុញលើកទឹកចិត្ត ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស៕