ដោយៈ សាវុធ
ភ្នំពេញៈ កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ /លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា)ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនិងភាពលោភលន់(Greed)។
ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោ រត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។
ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ(speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។
ជាទូទៅ កត្តាទាំងពីរនេះ(កត្តាវិទ្យាសាស្ត្រ និងកត្តាចិត្តសាស្ត្រ)ចែកមិនដាច់ពីគ្នាទេ។ វិនិយោគិនតែងគិតពិចារណា ទៅលើគុណភាពរបស់ក្រុមហ៊ុន(តិចឬច្រើន) ប៉ុន្តែក៏តែងមានចិត្តមិនស្ងប់ ច្រួលច្របល់ក្នុងអារម្មណ៍ នៅពេលមានព្រឹត្តិការណ៍សំខាន់(ល្អឬមិនល្អ)កើតឡើង។
ទន្ទឹមគ្នានេះដែរ ក៏មានផងដែរចលនា“ទស្សន៍ទាយ”ថ្លៃហ៊ុននៅលើទីផ្សារ ដោយផ្អែកលើការប៉ាន់ស្មាន អំពីទំនោរទិញ/លក់ភាគហ៊ុននៅលើទីផ្សារ។ ការប៉ាន់ស្មាននេះត្រូវបានឡើង ដោយផ្អែកលើទិន្នន័យជួញដូរភាគហ៊ុន នាពេលកន្លងទៅ និងដោយមានក្រាហ្វិចកុំព្យូទ័រជាជំនួយ។
វិធីសាស្ត្រនេះគឺ Technical Analysis ដែលមានការវិវត្ត និងពេញនិយមយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ (នៅពេលដែលប្រព័ន្ធកុំព្យូទ័រកាន់តែរីកចម្រើន) ទាំងក្នុងមជ្ឈដ្ឋានអ្នកវិនិយោគ អ្នកវិភាគ និងអ្នកសិក្សា៕ CSX៕