ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេសសម្រេចបានទឹកប្រាក់៨១៣លានដុល្លារក្នុងរយៈពេល១១ខែ

ដោយ៖ សាវុធ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស សម្រេចបានទឹកប្រាក់៨១៣លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅថ្នៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

របាយការណ៍ បានឱ្យដឹងថា កម្ពុជានាំទៅអង់គ្លេសមានចំនួន ៧៦៦លានដុល្លារអាមេរិក ខណៈអង់គ្លេសនាំមកកម្ពុជាជាង៤៦លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់របស់ប្រទេសកម្ពុជា ក្នុងទីផ្សារអឺរ៉ុប។ កម្ពុជានាំចេញទំនិញទៅអង់គ្លេស ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស នៅឆ្នាំ២០១៩ សម្រេច ១,០៥៧ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមាន ជាង៩៧៧លានដុល្លារ និងអង់គ្លេសនាំមកម្ពុជា មានជិត៨០លានដុល្លារ។

ជាមួយគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេស បានប្រកាសថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង មានប្រសាសន៍ថា ចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។

លោកបានថ្លែងទៀតថា “រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីឌ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here