កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេសុីហាក់បាត់បង់សន្ទុះ ខណៈការវិនិយោគសាធារណៈធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេសុីបានធ្លាក់ចុះមកនៅត្រឹម៤,៨៧ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងអត្រាកំណើន៥,១១ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្រុមអ្នកវិភាគមួយចំនួនបានវាយតម្លៃថា ការធ្លាក់ចុះនេះបណ្តាលមកពីចំណាត់ការរបស់រដ្ឋាភិបាលថ្មី។

បទបញ្ជារបស់ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto ក្នុងការកាត់បន្ថយការចំណាយថវិកាជាតិរាប់ពាន់លានដុល្លារ បានធ្វើឱ្យគម្រោងនានារបស់រដ្ឋាភិបាលឥណ្ឌូនេសុីអាណត្តិមុនត្រូវផ្អាកដំណើការ។ រដ្ឋាភិបាលរបស់លោក Prabowo ក៏មិនបានបង្កើតកត្តាជំរុញកំណើនសេដ្ឋកិច្ចថ្មីនោះដែរ។

ថវិកាជាតិភាគច្រើន ដែលត្រូវបានវិភាជន៍សម្រាប់វិនិយោគលើកម្មវិធីអាទិភាពសំខាន់ៗរបស់រដ្ឋបាលលោក Prabowo ដូចជា កម្មវិធីផ្តល់អាហារឥតគិតថ្លៃនៅតាមសាលារៀន និងកម្មវិធីសាងសង់ផ្ទះសាធារណៈ មិនទាន់ត្រូវបានចំណាយនៅឡើយទេ ដោយសារកម្មវិធីទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកាត់បន្ថយការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលលោក Prabowo ក៏បានធ្វើឱ្យបណ្តាអ្នកវិនិយោគឯកជននានាប្រកាន់គោលជំហរប្រុងប្រយ័ត្នផងដែរ។ កត្តាទាំងនេះបានអូសទាញឱ្យកំណើនសេដ្ឋកិច្ចឥណ្ឌូនេសុីធ្លាក់ចុះនៅក្នុងត្រីមាសទី១។

លោក Helmi Arman សេដ្ឋវិទូរបស់ធនាគារ Citigroup បានអះអាងថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរបស់រដ្ឋបាលមុនបានបញ្ចប់រួចរាល់ ខណៈគម្រោង ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលថ្មីកំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ដែលនាំឱ្យការវិនិយោគសាធារណៈធ្លាក់ចុះ”។

លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីអាចបន្តធ្លាក់ចុះមកនៅត្រឹម៤,៤ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដោយសារការវិនិយោគរបស់រដ្ឋាភិបាលនៅតែបន្តថយចុះ ហើយសង្រ្គាមពាណិជ្ជកម្មសកលអាចបង្កការរាំងស្ទះដល់ការវិនិយោគឯកជន។

ប៉ុន្តែ លោកបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចឥណ្ឌូនេសុីនឹងអាចងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៥ ប្រសិនបើរដ្ឋាភិបាលបង្កើនការវិនិយោគសាធារណៈ តាមរយៈការឧបត្ថម្ភធន ការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ដល់ប្រជាជន ឬការកាត់បន្ថយពន្ធ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here