ដោយ៖ សុខុម
ញូវយ៉ក៖ ទីផ្សារការងារនៅសហរដ្ឋអាមេរិក នៅតែបន្តរងគ្រោះ ហើយកាលពីថ្ងៃព្រហស្បតិ៍ មានដំណឹងកាន់តែអាក្រក់ជាងនេះទៅទៀត។ នេះបើយោងតាមចេញផ្សាយផ្សាយរបស់សារព៌ត៌មាន CNN នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ពលរដ្ឋរហូតដល់ទៅ ៨៨៥.០០០ នាក់ដែលបាត់បង់ការងារដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភលើកដំបូងរបស់ខ្លួនពីរដ្ឋកាលពីសប្តាហ៍មុន ដោយកើនឡើងពីសប្តាហ៍មុននេះ និងខ្ពស់ជាងតួលេខ ៨០០.០០០ នាក់ដែលក្រុមសេដ្ឋវិទូបានរំពឹងទុក។
តួលេខចុងក្រោយដែលត្រូវបានកែសម្រួល និងរាយការណ៍ដោយក្រសួងការងារអាមេរិក នេះគឺជាដំណឹងដ៏អាក្រក់ ចាប់តាំងពីតួលេខកាលពីសប្ដាហ៍មុនត្រូវបានកែសម្រួលឡើងដល់ ៨៦២.០០០ នាក់។ ហើយសូម្បីមុនការកែសម្រួលនេះ តួលេខក្នុងសប្ដាហ៍នោះជាកម្រិតខ្ពស់បំផុតរួចទៅហើយ ចាប់តាំងពីពាក់កណ្ដាលខែកញ្ញា មក។
នេះគឺជាលើកទី៤ ហើយក្នុងរយៈពេល ៥ សប្ដាហ៍កន្លងមកនេះ ដែលការដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភលើកដំបូងរបស់អ្នកគ្មានការងារធ្វើបានកើនឡើង។ ទន្ទឹមនឹងនេះដែរ ការដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភជាបន្ត បានធ្លាក់ចុះមកនៅ ៥,៥ លាននាក់។
ទោះជាយ៉ាងណា ពេលនេះមានពលរដ្ឋរហូតដល់ទៅជាង ២០,៦ លាននាក់ទៅហើយ ដែលបានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភនៅពេលគ្មានការងារធ្វើក្នុងរយៈពេល ៤ សប្ដាហ៍គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា។ តួលេខនេះគឺកើនឡើងជាង ១,៦ លាននាក់ពីមួយសប្ដាហ៍មុននេះ។
ក្នុងចំណោមចំនួនសរុបនេះ ពលរដ្ឋអាមេរិក ជាង ១៤ លាននាក់បានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភដែលជាផ្នែកមួយនៃកម្មវិធីឧបត្ថម្ភអ្នកគ្មានការងារធ្វើពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។ កម្មវិធីទាំងនេះនឹងផុតកំណត់នៅដំណាច់ឆ្នាំនេះ ប្រសិនបើរដ្ឋាភិបាលមិនបន្តវាទេនោះ។
របាយការណ៍នេះត្រូវបានចេញផ្សាយ ក្នុងពេលដែលមានភាពមិនប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ជុំចុងក្រោយនៃជំនួយហិរញ្ញវត្ថុពាក់ព័ន្ធវីរុសកូវីដ-១៩ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផុតសុពលភាពហើយ ហើយសភាកំពុងតែព្យាយាមទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចមួយទៀតដើម្បីជួយដល់អ្នកប្រើប្រាស់ និងអាជីវកម្មដែលជួបការលំបាកខ្លាំង ឱ្យបានមុនលោក ចូ បៃឌិន ចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ។
បណ្ដាសេដ្ឋវិទូ និងវិនិយោគិនមានក្ដីរំភើបចំពោះក្ដីសង្ឃឹមថាសេដ្ឋកិច្ចនឹងងើបឡើងនៅដើមឆ្នាំ២០២១ ព្រោះពេលនេះមានវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានអនុម័តជាផ្លូវការ ដោយអ្នកខ្លះបានទទួលវ៉ាក់សាំងរួចទៅហើយ។ ទោះជាយ៉ាងណា ពេលនេះពលរដ្ឋអាមេរិក ជាច្រើននៅតែត្រូវការជំនួយនៅឡើយ៕