រយៈពេល៤ខែកម្ពុជារកចំណូលបានជិត១៥០លានដុល្លារ ពីការនាំចេញ

ដោយៈ ម៉ាណា

    ភ្នំពេញៈ កម្ពុជា​រក​ប្រាក់​បាន​ជិត១៥០​លាន​ដុល្លារ ​​​ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើកៅស៊ូក្នុង​​រយៈ​ពេល៤ខែ​ដើម​ឆ្នាំ​២០២៥ ​កើនឡើង​ជាង១៨​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។

យោងតាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋានកៅស៊ូ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ទើប​ផ្សព្វផ្សាយ​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ កម្ពុជា​ផលិតជ័រកៅស៊ូបាន ៨១ ៩៦២តោន ថយចុះ៥,១៧១តោន ឬស្មើនឹង​៥,៩ភាគរយ​បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយ​គ្នា​នេះ​កម្ពុជា ក៏​បាន​នាំចេញជ័រកៅស៊ូ​ចំនួន​៧៦,៤៦៧តោន ថយចុះ៨,៩៦១តោន ឬស្មើ១០,៥ភាគរយ ​បើ​ធៀបនឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ដោយ​រក​ថវិកាបាន​១៤៨,១៨លាន​ដុល្លារ និង​ចំណូល​ពី​ការ​​លក់ឈើកៅស៊ូ១,៧៩លានដុល្លារ ស្មើនឹង៦ ៩២៩ ម៉ែត្រគូប។

ទិន្នន័យដដែលបាន​ឱ្យ​ដឹង​ទៀត​ថា ​តម្លៃ​ជា​មធ្យម​របស់​ជ័រកៅស៊ូក្នុងខែមេសា ឆ្នាំ​២០២៥ គឺ១៩៨៩ដុល្លារ​ក្នុង១តោន ដោយ​ថយចុះ ៨៩ ដុល្លារ ឬស្មើ៤,៧១ភាគរយ ​បើ​ធៀបនឹងមីនា​(ឆ្នាំ​២០២៥) ប៉ុន្តែ​បានកើនឡើង៤៥៧ដុល្លារ ឬស្មើ២៩,៨៤ភាគរយ ​បើ​ធៀបនឹងខែមេសា ឆ្នាំ២០២៤ ដែលមាន១៥៣២ដុល្លារ។ ចំណែក​ឈើកៅស៊ូគិតជាមធ្យមមានតម្លៃ ២៣៣ដុល្លារក្នុងមួយម៉ែត្រគូប​។

លោកគឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun Tire Cambodia ដែល​ជា​ក្រុមហ៊ុន​ផលិត សម្បក​កង់រថយន្ត​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹង​ថា ​តម្លៃ​ជ័រកៅស៊ូ​នៅទីផ្សារ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា “ការ​​បើក​ដំណើរ​រោង​ចក្រ​ផលិត ​សំបកកង់​រថយន្ត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​​បន្ទាប់ ក៏​ជា​ចំណែក​ជួយ​ឱ្យ​ទីផ្សារ​ជ័រកៅស៊ូ​នៅ​កម្ពុជាល្អ​ប្រសើរ​ផងដែរ​”។

លោក​បន្តទៀត​ថា សម្រាប់​ជ័រកៅស៊ូ​នៅ​កម្ពុជា​បច្ចុប្បន្ន ​គឺ​មាន​តម្លៃ​ជា​មធ្យម​​ជាង១៩០០​ដុល្លារ​ក្នុង​១​តោន ដែល​កើន​ឡើង​តិច​តួច ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ តម្លៃ​កៅស៊ូ​​​អាចនឹងកើន​ឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត​។

លោក​បានបន្តទៀតថា តម្រូវ​ការ​ជ័រ​កៅស៊ូពី​សំណាក់​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ក្នុង​ស្រុក ​បាន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​វា​នឹង​មានកាន់តែ​ច្រើន​នា​ពេល​ខាង​មុខ ខណៈ​បច្ចុប្បន្ន​​ទាំង​រោងចក្រ​ផលិតសំបកកង់​រថយន្ត​​កំពុង​ដំណើរការ និង​កំពុងសាងសង់​​​នៅ​កម្ពុជា គឺ​​កើន​ដល់៧។

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ឆ្នាំ​២០២៤ កម្ពុជា​បានន​នាំចេញ​ផលិតផល​ជ័រកៅស៊ូ និង​ឈើកៅស៊ូ មានទឹក​ប្រាក់សរុប៦៧១,៦៨ លានដុល្លារ កើនឡើង៣៦,៤៨ ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ២០២៣។

ប្រាក់​ចំណូល​ដែល​ទទួល​បានខាងលើ គឺ​​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​៦៦៦,២៥លាន​ដុល្លារ និង​ចំណូល​ពី​ការ​នាំចេញ​ ឈើកៅស៊ូ ៥,៤លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here