ការកំណត់ស្តង់ដារច្បាសលាស់នឹងជំរុញឱ្យផលិតផលជាតិមានប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមប្រឹក្សាស្ដង់ដារជាតិ បានស្នើឱ្យគណៈកម្មការបច្ចេកទេសទាំងអស់ស្រាវជ្រាវចងក្រងស្តង់ដារអន្តរជាតិបន្ថែមទៀត មកធ្វើជាស្តង់ដារជាតិ ខណៈការកំណត់ស្តង់ដារច្បាសលាស់ជាមូលដ្ឋានដ៏សំខាន់ក្នុងការជម្រុញការប្រកួតប្រជែង និងជំរុញការនាំចេញផលិតផល ដែលមានស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងឧស្សាហកម្ម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

ការស្នើនេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមការដឹកនាំរបស់ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិកាលពីម្សិលមិញ។

លោកចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេច ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរួមទាំងអស់គ្នា និងស្នើឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ ខិតខំស្រាវជ្រាវចងក្រងឲ្យបានច្រើនថែមទៀតនូវស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ ពីព្រោះ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការងារធ្វើអធិការកិច្ច ជម្រុញឲ្យទទួលបាននូវឧត្តមភាពប្រកួតប្រជែង ព្រមទាំងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ និងជំរុញការនាំចេញផលិតផលដែលមានស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ លោកទេសរដ្ឋមន្ត្រីក៏បានស្នើផងដែរ ដល់គណៈកម្មការបច្ចេកទេសទាំងអស់ចងក្រងពាក្យពេជន៌បច្ចេកទេសនៃភាសារបរទេស បកប្រែជាភាសាខ្មែររួចបញ្ជូនទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីបកប្រែជាភាសារជាតិឲ្យមានលក្ខណៈត្រឹមត្រូវ និងឯកភាពគ្នា ក្នុងការប្រើប្រាស់ភាសាជាតិ។

គិតសរុបមកដល់បច្ចុប្បន្ន ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២ កម្ពុជា បានយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here