ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជិត១ដុល្លារ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានសញ្ញាសុទិដ្ឋិនិយមចំពោះការពិភាក្សាទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររវាងភាគីសហរដ្ឋអាមេរិក និងប្រទេសអុីរ៉ង់។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨៨សេនមកនៅត្រឹម៦៥,២១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0055 GMT ខណៈតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៩២សេនមកនៅត្រឹម៦២,២៣ដុល្លារក្នុងមួយបារ៉ែល។
មន្ត្រីអុីរ៉ង់មួយរូបបានបង្ហើបប្រាប់សារព័ត៌មាន NBC News នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញថា “ប្រទេសអុីរ៉ង់មានឆន្ទៈយល់ព្រមលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច”៕