ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះខណៈការថយចុះនូវភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានធ្វើឱ្យតម្រូវការទិញមាសធ្លាក់ចុះ បន្ទាប់ពីប្រទេសមហាអំណាចទាំង២ បានឯកភាពក្នុងការផ្អាកការដំឡើងពន្ធគយខ្ពស់កប់ពពករយៈពេល៩០ថ្ងៃ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៨ភាគរយដល់៣.២២៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤ភាគរយដល់៣២៣៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០០,៩២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០១ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៩១ភាគរយដល់៣២,៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៩ភាគរយដល់៩៩០,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣១ភាគរយដល់៩៥២,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕