តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃចន្ទម្សិលមិញ ខណៈការឯកភាពគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិនក្នុងការផ្អាកជាបណ្តោះអាសន្ននូវការយកអត្រាពន្ធគយខ្ពស់កប់ពពកក្នុងរយៈពេល៩០ថ្ងៃ បានកាត់បន្ថយតម្រូវការមាស។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១១ភាគរយដល់ជាង៣.២៣៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៣ភាគរយដល់៣២៣៨,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៥៤ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០១,៧៩ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៥១ភាគរយដល់៣៣,១១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦៧ភាគរយដល់៩៨២,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៤ភាគរយដល់៩៤៥,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here