អង់គ្លេសប្រកាសថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធ EBA លើកម្ពុជាទៀតទេ

ដោយ៖ សាវុធ
ភ្នំពេញ៖ ចក្រភពអង់គ្លេស បានប្រកាសថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

លោកស្រីបានមានប្រសាសន៍ថា ចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។

លោកបានថ្លែងទៀតថា “រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីឌ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។

លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថា ការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេល ដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here