តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធ១០០ភាគរយទៅលើខ្សែភាពយន្តបរទេស និងគ្រោងប្រកាសពន្ធទៅលើការនាំចូលឱសថក្នុងរយៈពេល២សប្តាហ៍ខាងមុខ។ការណ៍នេះបាននាំឱ្យមានក្តីបារម្ភ និងបង្កើនចំណាប់អារម្មណ៍របស់់បណ្តាអ្នកវិនិយោគលើការទិញមាស។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨៥ភាគរយដល់៣.៣៦២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៣៣ភាគរយដល់៣៣៦៦,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៧ ខែឧសភានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃមកនៅសល់ត្រឹម៩៩,៨៣ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង២,៤៧ភាគរយដល់៣៣,៥៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,២៩ភាគរយដល់៩៧៣,២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៨៤ភាគរយដល់៩៥០,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៧នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here