ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនភាគច្រើននៅក្នុងតំបន់អាសុីបានផ្អាកការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ រួមមានដូចជាផ្សារហ៊ុនជប៉ុន កូរ៉េខាងត្បូង ទីក្រុងហុងកុង និងប្រទេសចិន ដោយសារតែថ្ងៃឈប់សម្រាកសាធារណៈ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៧៣ភាគរយ គិតត្រឹមម៉ោង១១:០៨នាទីព្រឹក។
សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុន បានផ្អាកការជួញដូរ ដោយសារទិវាកុមារ (Children’s Day)។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងក៏បានផ្អាកការជួញដូរផងដែរ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរដោយសារថ្ងៃឈប់សម្រាកសម្រាប់ទិវាពលកម្មអន្តរជាតិចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានផ្អាកការជួញដូរ៕