ព្រលានយន្តហោះថ្មីខេត្តមណ្ឌលគិរីគ្រោងចំណាយទុន៦០លានដុល្លារខណៈអាជ្ញាធរខេត្តបានត្រៀមដីទុក៦០០ហិកតា

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ខេត្តមណ្ឌលគិរី បានត្រៀមដីរបស់រដ្ឋរួចរាល់ហើយប្រមាណ៦០០ហិចតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេ ខណៈទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុងសែនមនោរម្យ។

អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាងបានបង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នេះ ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរ   ដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្វាយ សំអ៊ាង បានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសា​ងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។

បើតាមលោកអភិបាលខេត្ត នៅពេលរាជរដ្ឋាភិបាលសាងសង់ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ។ រដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។

លោកស្វាយ សំអ៊ាងបានថ្លែងថា “យើងទុកទីតាំងព្រលានចាស់នោះ ធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យ ប្រមាណជាង២០គីឡូម៉ែត្រ។ ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ធ”។

អភិបាលខេត្តមណ្ឌលគីរី បានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។

ទន្ទឹមគ្នានេះ ពាក់ព័ន្ធការរក្សាទុកព្រលានយន្ដហោះចាស់ រដ្ឋបាលខេត្តនឹងរៀបចំទៅជាសួនច្បារ ប៉ុន្ដែសួនច្បារនេះទៀតសោត នឹងត្រូវធ្វើឡើងជាដំណាក់កាល មិនមែនធ្វើម្ដងសម្រេចនោះទេ ខណៈបច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាបណ្ដើៗហើយ ដោយមានដាំដើមឈើជាដើម។

យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បង្ហើបប្រាប់នោះព្រ​លានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថានអាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here