ពន្ធដារសម្រេចបានចំណូលលើសផែនការរាល់ឆ្នាំ ទោះជួបស្ថានភាពបែបណាក៏ដោយ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នដ៏សំខាន់មួយក្នុងការគៀងគរចំណូលសម្រាប់ទ្រទ្រង់ដល់ការចំណាយរបស់ជាតិ ទទួលបានចំណូលកើនឡើងរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ បើទោះបីជាជួបស្ថានភាពបែបណាក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកគង់ វិបុលប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកពន្ធដារ។

លោកគង់ វិបុលបានថ្លែងនៅក្នុងកម្មវិធីពិសេសស្ដីពីការផ្ដល់សេវានិងបច្ចុប្បន្នភាពរបស់អគ្គនាយកដ្ឋានពន្ធដារនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ថា កាលពីពេលមុនៗឱ្យតែមានរដូវកាលបោះឆ្នោត ចំណូលតែងតែធ្លាក់ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៣មក ការប្រមូលពន្ធគឺមានភាពល្អប្រសើរ ហើយចំណូលមិនដែលនៅក្រោមផែនការនោះទេ ពោលគឺមានតែលើសផែនការរាល់ឆ្នាំ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបោះឆ្នោត និងស្ថិរភាពនយោបាយមិនច្បាស់លាស់លាស់ក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “លទ្ធផលនេះ គឺបានមកពីកំណែទម្រង់និងគន្លឹះនៃអភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រគៀងគរចំណូល។អ្វីដែលពិសេសនោះ គឺការកែប្រែប្រព័ន្ធបង់ពន្ធតាមរយៈធនាគារនិងអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យា តម្លាភាពនៃប្រាក់ពន្ធគឺមានភាពច្បាស់លាស់និងអាចគ្រប់គ្រងបានល្អនូវប្រាក់ចំណូល”។

លោកបន្ថែមទៀតថា ការដាក់ចេញនូវមុខងារស្នូលមួយចំនួនរបស់ពន្ធដារក៏ជាកត្តាជំរុញឱ្យទទួលបានកំណើនពន្ធជាលំដាប់ផងដែរ ក្នុងនោះរួមមាន ការកែទម្រង់ការចុះបញ្ជី ការកែទម្រង់នៃការផ្ដល់សេវាជូនអ្នកជាប់ពន្ធ ការកែទម្រង់នៃការដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិចត្រូនិក ការកែលម្អនូវប្រព័ន្ធធ្វើសវនកម្មតាមប្រព័ន្ធថ្មី និងការកែទម្រង់ការគ្រប់គ្រងបំណុលនិងវិវាទ ការពង្រឹងធនធានមនុស្ស ជាពិសេសការកែទម្រង់នូវប្រព័ន្ធបច្ចេកវិទ្យា ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងឆ្នាំ ២០១៣ អគ្គនាយកដ្ឋាននេះ រកចំណូលបានចំនួន៨៨១,៤លានដុល្លារស្មើនឹង១០១,៨ភាគរយនៃផែនការប្រចាំឆ្នាំ ហើយរហូតដល់ឆ្នាំ ២០១៩ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារបានកើនឡើងដល់ជាង ២.៨១៩,៣៣ លានដុល្លារ កើនលើសផែនការប្រចាំឆ្នាំ ២០១៩ ចំនួន ២៣,២០ ភាគរយ។

ដោយឡែកសម្រាប់ឆ្នាំ ២០២០ដែលជាឆ្នាំដ៏លំបាកសម្រាប់កម្ពុជាដោយសារតែវិបត្តិជំងឺសកល តែចំណូលពន្ធដារក៏នៅតែទទួលបានកំណើន ជាក់ស្ដែងក្នុងរយៈពេល៣ត្រីមាសពីខែមករា ដល់ខែ កញ្ញា ឆ្នាំ ២០២០ចំណូលពន្ធដារមានចំនួន២.២២៥ពាន់លានដុល្លារកើនឡើងប្រមាណ៣,៧១ភាគរយធៀបនឹង៣ត្រីមាសឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here