ធនាគារពិភពលោកផ្ដល់អនុសាសន៍អ្វីដល់កម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ?

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងពេលធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អ្នកវិភាគសេដ្ឋកិច្ចក៏ដូចជាវិនិយោគិន ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងនៅឆ្នាំ ក្រោយធនាគារពិភពលោកបានផ្ដល់ជាអនុសាសន៍មួយចំនួនដើម្បីឱ្យកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចឡើងវិញ នៅឆ្នាំ ២០២១។

យោងតាមរបាយការណ៍ធនាគារពិភពលោកប្រចាំកម្ពុជាថាក្នុងគោលបំណងជួយកម្ពុជាឱ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍បានស្នើឱ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃផង។

ទន្ទឹមគ្នានេះ កម្ពុជាត្រូវលើកកម្ពស់វិស័យអតិពលកម្មនានាដើម្បីបង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ក៏បានលើកឡើងដែរនូវឱកាសនានាសម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុកនិងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

របាយការណ៍នេះបានចង្អុលបង្ហាញដែរអំពីសារៈសំខាន់ចាំបាច់បំផុតនៃការរៀបចំបង្កើនឱ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយសម្រាប់វ៉ាក់សាំងកូវីដ១៩ ក៏ដូចជាការតាមដានឱ្យបានដិតដល់ផងដែរនូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលអាចបង្កដោយកំណើនអូសបន្លាយយូរពេករបស់វិស័យសំណង់ និងអចលនទ្រព្យ។

បើតាមលោកបណ្ឌិត ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍កន្លងមកថា កម្ពុជាត្រូវខិតខំ និងធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមដើម្បីទទួលបានកំនើនសេដ្ឋកិច្ចឡើងវិញ នៅឆ្នាំ២០២១។

លោកបន្តថា ការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្ម ដោយកែប្រែពីការធ្វើបែបទម្លាប់ចាស់ ផ្លាស់មកជាបែបទំនើបនិងប្រើបច្ចេកវិទ្យាចុងក្រោយនឹងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយនឹងទីផ្សារថ្នាក់តំបន់និងឆាកអន្តរជាតិបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here