កម្ពុជាគ្រោងនឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀតសម្រាប់នាវាខ្នាតធំចូលចតនៅឆ្នាំ២០២៣

ដោយ៖ លកិ្ខណា
ភ្នំពេញ៖ ដើម្បីអនុញ្ញាតឱ្យនាវាខ្នាតធំ ចូលចតនៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបាន នៅឆ្នាំ ២០២៣ខាងមុខនេះ កម្ពុជាគ្រោងនឹងសាងសង់កំពង់ទឹកជ្រៅមួយទៀត មានជម្រៅរហូតដល់១៤ម៉ែត្រកន្លះ ប្រវែង២៥០ម៉ែត្រ។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន លោករស់ វណ្ណា រដ្ឋលេខាធិការបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កំពង់ផែទឹកជ្រៅដែលគ្រោងសាងសង់នៅឆ្នាំ ២០២៣ អាចធានាដល់ការចូលចតនាវាដាក់កុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់៦ម៉ឺនតោនឬ ៩៣ភាគរយនៃចំនួននាវានៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន ។

លោក បានបន្តថា ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាម សមុទ្រទៅមកកម្ពុជានឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។

មិនត្រឹមតែប៉ុណ្ណោះ ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយផ្លូវជាតិ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ នឹងជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ ដូចជាគ្រប់គ្រងសេវាដឹកជញ្ជូន តាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយផ្សេងៗ ព្រមទាំងបង្កើនការទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាការកត់សម្គាល់កំពង់ផែក្រុងព្រះសីហនុ ត្រូវបានពង្រីកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបរិមាណកំណើននាំចេញ នាំចូល កំណើនកុងតឺន័រ និងកំណើននាវាទេសចរណ៍ធំៗ ចូលចតពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here