ជប៉ុនគ្រោងលក់ប្រព័ន្ធបច្ចេកវិទ្យា “ទីក្រុងឆ្លាតវៃ” មកកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍

ដោយ៖ វុទ្ធី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចធ្វើទីផ្សារដើម្បីលក់បច្ចេកវិទ្យា និងសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួនសម្រាប់ “ទីក្រុងឆ្លាតវៃ” ដែលប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ចុងក្រោយ ទៅឱ្យប្រទេសនានានៅអាស៊ីអាគ្នេយ៍។

នៅចុងឆ្នាំនេះ រដ្ឋាភិបាល នឹងធ្វើការស្ទង់មតិលើសេវាកម្មប្រភេទណា ដែលនឹងត្រូវការនៅទីក្រុងចំនួន២៦ ក្នុងប្រទេសចំនួន១០ ដែលរដ្ឋាភិបាលចាត់ទុកថា ជាទីផ្សារសំខាន់បំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជប៉ុននឹងប្រើលទ្ធផលនៃការស្ទង់មតិនេះ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុក ដើម្បីរួមគ្នាឈានជើងចូលទីផ្សារនេះ។ ហើយរាល់ការចំណាយដែលពាក់ព័ន្ធ នឹងត្រូវបញ្ចូលក្នុងថវិកាបន្ថែមលើកទី៣ សម្រាប់ឆ្នាំ២០២០។

នៅក្នុងគំរូទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជាផ្ទះ ក្រុមហ៊ុន រថយន្ត ហេដ្ឋារចនាសម្ព័ន្ធសង្គម រួមទាំងអគ្គិសនី ហ្គាស មធ្យោបាយដឹកជញ្ជូនសាធារណៈ និងសាលារៀន មានតភ្ជាប់គ្នា និងផ្តល់ទិន្នន័យឱ្យគ្នាទៅវិញទៅមក។

តាមរយៈការប្រមូល និងវិភាគទិន្នន័យនេះ លើការប្រើប្រាស់ និងលំហូររបស់ប្រជាជន ទីក្រុងឆ្លាតវៃ អាចទទួលបានសេវាកម្មល្អប្រសើរ និងទទួលបានប្រសិទ្ធភាពថាមពលកាន់តែច្រើន។

នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រជាជនមានទំនោរទៅរស់នៅក្នុងទីក្រុង និងជុំវិញទីក្រុង។ ដូច្នេះ រដ្ឋាភិបាល បានសន្និដ្ឋានថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន អាចមានប្រយោជន៍ជាវិធានការសម្រាប់ការកកស្ទះចរាចរណ៍ បញ្ហាបរិស្ថាន និងបញ្ហាផ្សេងៗទៀត។

រដ្ឋាភិបាលជប៉ុន មានការលើកទឹកចិត្ត ក្នុងការលើកកម្ពស់ការការពារព័ត៌មានផ្ទាល់ខ្លួន។ ជប៉ុនក៏រំពឹងថា ទំនិញជាច្រើនមុខ នឹងត្រូវនាំចេញក្រោមគម្រោងនេះ។

នេះរួមបញ្ចូលទាំងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដោយប្រើសញ្ញាត្រួតពិនិត្យ វិធានការប្រឆាំងការវាយប្រហារតាមអ៊ិនធឺរណេត វិធានការសន្តិសុខតាមរយៈកាមេរ៉ាឃ្លាំមើល ការទូទាត់គ្មានសាច់ប្រាក់ និងបណ្តាញអគ្គិសនីឆ្លាតវៃជំនាន់ក្រោយ ដែលគ្រប់គ្រង និងផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព។

នៅចុងឆ្នាំនេះ រដ្ឋាភិបាលជប៉ុន នឹងស្នើដល់ទីក្រុងភ្នំពេញ និងក្រុងហូជីមិញ និងទីក្រុងមួយចំនួនទៀត ដើម្បីស្នើសុំនូវប្រព័ន្ធប្រភេទណា ដែលពួកគេត្រូវការ ដើម្បីដោះស្រាយបញ្ហានៅក្នុងគោលនយោបាយទីក្រុងរបស់ពួកគេ។ ផ្អែកលើសំណើរ រដ្ឋាភិបាលនឹងធ្វើការជាមួយទីក្រុងនីមួយៗ ហើយរួមគ្នារៀបចំផែនការមូលដ្ឋាន សម្រាប់ការអភិវឌ្ឍទីក្រុង៕ Asia News Network

LEAVE A REPLY

Please enter your comment!
Please enter your name here