ធនាគារហត្ថា ម.ក បរិច្ចាកថវិកា ២០០លានរៀលជូនសម្តេចតេជោហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារហត្ថា ម.កកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានបរិច្ចាគថវិកា ២០០លានរៀល ជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩បានឆ្លងចូលដល់សហគមន៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហ៊ានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ជាមួយគ្នានេះដែរ ក្នុងនាមជាថ្នាក់គ្រប់គ្រង បុគ្គលិកធនាគារហត្ថា និងប្រជាពលរដ្ឋកម្ពុជា សុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយសម្តេច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ នៅក្នុងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់សម្តេច និងជួយសម្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងបរិច្ចាគថវិកា គាំទ្រដល់ការទិញវ៉ាក់សាំងនេះ ធនាគារហត្ថា ដែលមានបណ្តាញការិយាល័យ សាខាធំលំដាប់ទី២ក្នុងប្រទេសកម្ពុជា បានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ សម្រាប់ផ្តល់ភាពងាយស្រួលដល់ អតិថិជនរបស់ធនាគារហត្ថា និងសប្បុរសជនទាំងអស់ ព្រមទាំងនិយោជិតរបស់ខ្លួន ធ្វើការបរិច្ចាគជូនរាជរដ្ឋាភិបាល។

សប្បុរសជនអាចធ្វើការបរិច្ចាគ ដោយផ្ទេរចូលគណនីHattha Bank Covid-19 Contribution Fund របស់ធនាគារហត្ថា ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង168000033305 (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើង តាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារហត្ថា ដោយមិនគិតថ្លៃ។

ធនាគារហត្ថា ទើបតែបានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា២៦ឆ្នាំ។

បច្ចុប្បន្ន ធនាគារ ហត្ថា មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើ នសម្បូរបែបដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនបន្ថែមទៀត។

ធនាគារហត្ថា ជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ ដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here