រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជារំពឹងទទួលបានទិន្នផលស្រូវវស្សាចំនួន៨,៥លានតោន

ដោយ: គង់ ម៉ាលីនណា

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងថា បរិមាណស្រូវវស្សាឆ្នាំ២០២០នេះ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានប្រមាណ៨,៥លានតោន កើនឡើងជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន៨២៦៩ ៤៨០តោន បើទោះបីឆ្នាំនេះដំណាំស្រូវវស្សាក្នុងខេត្តមួយចំនួនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងយ៉ាងណាក្តី។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសា​សន៍បន្ទាប់ពីបានពិភាក្សា និងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យជាមួយមន្ទីររាជធានី/ ខេត្តរួចមក បានឲ្យដឹងថា តាមការប៉ាន់ស្មានជាបឋម នៃបរិមាណផលស្រូវរដូវវស្សាឆ្នាំ២០២០ នឹងអាចទទួលបានលទ្ធផលផលស្រូវវស្សា ដែលទិន្នផលជាមធ្យម៣១២២គីឡូក្រាម ក្នុងមួយហិកតា ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួនប្រមាណ៣០៩៥គីឡូក្រាម ក្នុងមួយហិកតា។

លោកបានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ការងារស្តារដំណាំស្រូវ ដែលខូចខាតដោយទឹកជំនន់នោះ សម្រេចបានជាង៨៩ភាគរយហើយ នៅក្នុងរាជធានី-ខេត្ត ទាំង១៩ ដែលរងគ្រោះ។ ទាក់ទងនឹងការងារដាំស្តារឡើងវិញ ដំណាំរងផលប៉ះពាល់ដោយទឹកជំនន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺអ្វីៗបានប្រព្រឹត្តទៅយ៉ាងរលូន ទាំងការកំណត់ទីតាំងនិងផ្ទៃដីដែលត្រូវធ្វើការស្តារឡើងវិញ ការកំណត់សេចក្តីតម្រូវការពូជ ទីតាំងឃ្លាំងស្តុកគ្រាប់ពូជស្រូវដែលត្រូវប្រមូល និងការដឹកជញ្ជូនពូជស្រូវទៅកាន់ខេត្តគោលដៅ ហើយនិងការបែងចែកជូនដល់កសិកររងគ្រោះឲ្យបានទាន់ពេលវេលា ក្នុងបរិមាណស្រូវពូជចំនួន៦៤៣៤តោន ចែកជូនដល់គ្រួសារប្រជាកសិករ ដែលទទួលរងគ្រោះចំនួន៦៤ ៣៤៣គ្រួសារ ដែលត្រូវការស្តារដំណាំស្រូវឡើងវិញជាបន្ទាន់។

លទ្ធផលនៃការស្តារដំណាំស្រូវ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន៥៧ ៥៥៧ហិកតា ស្មើនឹង៨៩,៦៨ភាគរយនៃផែនការស្តារឡើងវិញចំនួន៦៤ ១៧៩ហិកតា។

យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ៦០ម៉ឺន គិតជាទឹកប្រាក់ចំនួនប្រមាណ៤១៥លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here