ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ហើយធនាគារជាតិនៃកម្ពុជា (NBC) នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិត ស្និទ្ធទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឱ្យមានកំណើនតម្រូវការប្រាក់រៀល ដោយរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ។

បច្ចុប្បន្ន ប្រជាជន អាចធ្វើការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺនេះ។ ថ្មីៗនេះ សមាគមហិរញ្ញវត្ថុធំៗនៅកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រនិក ដើម្បីរួមគ្នាបង្កាការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាម NBC បានឱ្យដឹងថា ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។

ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ។

ធនាគារជាតិនៃកម្ពុជាបានលើកថា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការពង្រឹងអំណាចទិញនៃប្រាក់រៀល នឹងរួមចំណែករក្សាស្ថិរភាពថ្លៃឱ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា “ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ”។

ជាក់ស្តែង អត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here