សម្តេចតេជោ៖ កូវីដ១៩បង្កផលប៉ះពាល់ផ្នែកសេវាកម្មខ្លាំងជាងគេ ខណៈឧស្សាហកម្មនិងកសិកម្មនៅដំណើរការធម្មតា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នៅក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងពេលឆ្លងរាលដាលក្នុងសហគមន៍ បានបង្កផលប៉ះពាល់ធ្ងន់ជាងគេទៅលើផ្នែកសេវាកម្ម ដោយសារតែបម្រាមជួបជុំមនុស្សច្រើនដូចជាភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងកន្លែងប្រមូលផ្ដុំ។ នេះបើតាមប្រសាសន៍សម្ដេចតេជោហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងថ្ងៃទី១៥ ធ្នូ២០២០នេះ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលនេះ វិស័យឧស្សាហកម្ម និងកសិកម្មនៅតែដំណើរការធម្មតា មិនជាមានផលប៉ះពាល់ណាស់ណាទេ ដោយពលរដ្ឋនិងកម្មករនៅតែប្រកបរបរ និងធ្វើការងារជាធម្មតា តែសូមឱ្យពលរដ្ឋទាំងអស់ត្រូវចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកាឱ្យបានឆាប់រហ័ស ដែលអាចឈានទៅដល់ការបើកឱ្យមានការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំ ណូអែល ដើម្បីកម្សាន្តសប្បាយតែក៏ត្រូវតែមានការប្រយ័ត្នជាប់ជានិច្ច។

ជាការកត់សម្គាល់នៅក្នុងពេលកូវីដ១៩ចាប់ផ្ដើមរាលដាលក្នុងសហគមន៍ រដ្ឋាភិបាលបានសម្រេចឱ្យផ្អាកដំណើរការសេវាកម្មមួយចំនួន ដូចជារោងកុន ក្លឹបកម្សាន្ត កន្លែអជួបជុំប្រមូលផ្ដុំមនុស្សច្រើន និងបានបិទមួយរយៈពេលនូវផ្សារទំនើបអ៊ីអន ទីដែលមានអ្នកជំងឺកូវីដ១៩ទៅញ៉ាំអាហារ និងហាងលក់ទំនិញមួយចំនួនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំមកម្ល៉េះវិស័យសេវាកម្មបានជួបប្រទះនឹងបញ្ហាព្រោះថាចាប់តាំងពីពេលនោះ ភ្ញៀវទេសចរជាពិសេសភ្ញៀវអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយមានអាជីវកម្មខ្លះបានផ្អាក ខ្លះបានបិទជាស្ថាពរដោយសារតែគ្មានអ្នកមកទទួលសេវាកម្មនិងមិនអាចទប់ទល់នឹងការចំណាយរបស់ខ្លួនបាន។

លោកស្រីបន្តថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងគឺតំបន់ទេសចរណ៍ ដូចជាខេត្តសៀមរាបជាដើម ព្រោះតំបន់នោះជាគោលដៅទេសចរណ៍សំខាន់សម្រាប់ភ្ញៀវក្នុងស្រុកនិងអន្តរជាតិ ហើយនៅពេលមិនមានភ្ញៀវទៅកម្សាន្ត នោះវាជៀសមិនផុតទេ ដែលធ្វើឱ្យប៉ះពាល់ទាំងផ្ទាល់និងប្រយោល។ យ៉ាងណាអ្នកស្រីក៏គាំទ្រនូវចំណាត់ការរាជរដ្ឋាភិបាលក្នុងការបិទអាជីវកម្មមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here