វ៉ាក់សាំងកូវីដ១៩ កាន់តែមានពន្លឺច្បាស់ធើ្វឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមងាកចេញពីវិបត្តិ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩បានចាប់ផ្ដើមដឹកចែកចាយក្នុងបណ្ដាប្រទេសមួយរួច ហើយនៅលើពិភពលោកនេះ ដែលវាបង្ហាញពីការខិតជិតទៅរកការបញ្ចប់វិបត្តិកូវីដ១៩ ហើយនឹងធ្វើឱ្យវិបត្តិផ្សេងរួមទាំងអចលនទ្រព្យក៏កាន់តែជិតបញ្ចប់វិបត្តិដូចគ្នា។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងកន្លងមកថា វិស័យអចលនទ្រព្យអាចប្រសើរឬមិនប្រសើរអាស្រ័យលើការរកឃើញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ព្រោះកូវីដ១៩ ធ្វើឱ្យវិស័យអចលនទ្រព្យនិងវិស័យផ្សេងនៅគាំង និងជួបវិបត្តិដូចគ្នា ដូច្នេះបើសិនជាវ៉ាក់សាំងត្រូវបានរកឃើញនោះវាមានន័យវិបត្តិនឹងខិតទៅរកការបញ្ចប់វិបត្តិនិងធ្វើឱ្យអចលនទ្រព្យនឹងកកក្រើឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ប្រទេសមួយចំនួនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ហើយ ហើយក៏ជាសញ្ញានៃការចរាចរណ៍សកម្មភាពមនុស្សឡើងវិញផងដែរ។ នៅពេលមនុស្សអាចដើរហើរចេញក្រៅប្រទេសវិញបាននោះសកម្មភាពទេសចរណ៍ សកម្មភាពវិនិយោគ ការធ្វើអាជីវកម្ម ធុរកិច្ចនានាក៏នឹងចាប់ផ្ដើមដូចគ្នា ដែលអាចឈានទៅរកភាពល្អប្រសើរវិញក្នុងរយៈពេល១ឆ្នាំ ក្រោយពីការបញ្ចប់វិបត្តិនេះ។

លោកបន្តថា សម្រាប់វិស័យអចលនទ្រព្យកម្ពុជា អ្នកពាក់ព័ន្ធទាំងអស់គួរតែត្រៀមខ្លួនក្នុងការទទួលយកនូវគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ព្រោះកម្ពុជានៅមានឱកាសក្នុងការទទួលបានការវិនិយោគបន្ថែមពី ក្នុងនិងក្រៅប្រទេស ។ អ្វីដែលកម្ពុជាត្រូវត្រៀមនោះ គឺធ្វើយ៉ាងណាត្រូវមានភាពស្របច្បាប់ទាំង អ្នកកំពុងធ្វើសកម្មភាពអចលនទ្រព្យនិងទំនាស់អចលនទ្រព្យទាំងឡាយ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា ជាការពិតណាស់វិស័យអចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០២០នេះ ជួបបញ្ហាដោយសារតែកូវីដ១៩ ហើយនៅពេលវ៉ាក់សាំងប្រឆាំងកូវីដ១៩រកឃើញ វាក៏មានន័យថាវិបត្តិនោះក៏នឹងជិតបញ្ចប់ នឹងអាចវិលទៅរកភាពល្អប្រសើរឡើងវិញនៅពេលឆាប់ៗនេះ ។

លោកបន្តថា អ្វីដែលពលរដ្ឋត្រូវធ្វើពេលនេះគឺចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលបន្ថែម ដើម្បីកុំមានការឆ្លងក្នុងសហគមន៍ដែលនាំ ឱ្យមានបញ្ហាដល់វិស័យផ្សេងៗបន្ថែមទៀត ជាក់ស្ដែងពេលនេះគឺមានផលប៉ះពាល់បន្ថែមហើយក្រោយមានករណីឆ្លងក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here