ហេតុអ្វីវិនិយោគិនបរទេសត្រូវដាក់ទុនវិនិយោគនៅកម្ពុជា តើប្រទេសនេះបានរៀបចំ ខ្លួនដូចម្តេច?

        ដោយលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិនិយោគិនទាំងក្នុងនិងក្រៅស្រុកបានបានបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជាក្នុងនោះវិស័យអចលនទ្រព្យ ក៏ទទួលបានការវិនិយោគច្រើន ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យវិស័យនេះ រួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ។

តើកត្តាអ្វីដែលវិនិយោគិនបរទេស ត្រូវបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអលចនទ្រព្យ?។

អ្នកជំនាញក្នុងវិស័យអចលនវត្ថុកម្ពុជា បានលើកឡើងនិងធ្វើការប្រៀបធៀបលក្ខខ័ណ្ឌវិនិយោគរវាងប្រទេសកម្ពុ ជានិងប្រទេសនានាក្នុងតំបន់អាស៊ានដែលភាគច្រើនអះអាងថា ទីផ្សារកម្ពុជាមានភាពល្អប្រសើរ ហើយផលចំណេញពីការវិនិយោគនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្វីដែលវិនិយោគិនបរទេស តែងតែចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាគឺកម្ពុជាមានលក្ខខ័ណ្ឌបើកចំហរ ចំពោះរាល់វិនិយោគិនមកពីគ្រប់ទិសទី ព្រមទាំងអាចដាក់ទុនវិនិយោគ១០០ភាគរយ ដោយមិនចាំបាច់មានការចូលហ៊ុន ឬសហការជាមួយវិនិយោគិនក្នុងស្រុកឡើយ ពិសេសកត្តាសុខសន្តិភាព និងកំនើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយនិងសង្គមជាផ្នែកដ៏សំខាន់ ដែលអ្នកវិនិយោគអន្តរជាតិតែងតែសម្លឹងឃើញ។

លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនអចលនទ្រព្យCPL បានឱ្យដឹងកន្លងមកថា បើនិយាយពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា គឺមានឱកាសនិងសក្ដានុពលខ្លាំងណាស់ ដែលធ្វើឱ្យវិនិយោគិនបរទេសចង់មកកម្ពុជា ក្នុងនោះកម្ពុជាជាប្រទេសមួយដែលស្ថិតនៅចំកណ្ដាលអាស៊ានហើយងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ប្រទេស ក្នុងតំបន់ តាមផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹក ។

លោកបន្តថា “កម្ពុជាប្រៀបដូចជាកូនក្រមុំមួយរូបមិនទាន់តែងខ្លួន ហើយអ្នកណា​ៗក៏តែងតែចង់បាន”។ លោកបន្តថា “អ្វីដែលធ្វើឱ្យវិនិយោគិនបរទេស តែងតែចង់មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសអចលនទ្រព្យ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងវិញឃើញថា តម្លៃអចលនទ្រព្យនៅកម្ពុជា នៅមានតម្លៃទាបជាងគេ ដូច្នេះពួកគេអាចស្វែងរកអចលនទ្រព្យ ដើម្បីដាក់ទុនវិនិយោគលើគម្រោងផ្សេងៗដែលបានគ្រោងទុក”។

ជាមួយគ្នានេះលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា កម្ពុជានៅមានឱកាសខ្ពស់ ក្នុងការដាក់ទុនវិនិយោគ ហើយវិនិយោគបរទេសនៅតែចង់មកដាក់ទុនវិនិយោគ ក្នុងប្រទេសយើងទៅតាមជំនាញរបស់ពួកគេ។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវធ្វើត្រៀម ដើម្បីទទួលវិនិយោគិនដែលនឹងមកបន្តបន្ទាប់ជាពិសេសក្រោយចប់កូវីដ១៩ គឺធនធាន ហេដ្ឋារចនាសម្ព័ន្ធជាពិសេសនោះ គឺភាពស្របច្បាប់នៃអចលនទ្រព្យ”។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រកម្ពុជាក៏បានមានប្រសាសន៍កន្លងមកថា កម្ពុជាស្វាគមន៍រាល់វិនិយោគិន មកពីគ្រប់ទិសទីគ្រប់ប្រទេសលើពិភពលោក ហើយកម្ពុជាក៏ត្រៀមមន្ត្រី ដើម្បីរង់ចាំសម្រួលរាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេស ដោយផ្ដល់លក្ខខ័ណ្ឌងាយស្រួលដល់បណ្ដាធុរជននិងវិនិយោគិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here