ដោយៈ គង់ សិរីម៉ាណា
ភ្នំពេញៈ
តំបន់សេដ្ឋកិច្ចពិសេស East Sihanouk Special Economic Zone ដែលជាការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន East Group ក្នុងទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក នឹងបង្ហាញវត្តមានក្នុងទឹកដីខេត្តព្រះសីហនុនាពេលឆាប់ៗ។
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បានឱ្យដឹងនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា លោក និងថ្នាក់ដឹកនាំ CDC បានជួបពិភាក្សាជាមួយ លោក លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន East Group និង លោកណាង សុធី ដើម្បីពិភាក្សាអំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលកន្លែងស្ថិតក្នុងខេត្តព្រះសីហនុ។
ទីប្រឹក្សាបច្ចេកទេសនៃសម្ព័ន្ធក្រុមហ៊ុន East Group លោក ណាង សុធី បានមានប្រាសន៍ថា ផែនការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន East Group លើតំបន់សេដ្ឋកិច្ចពិសេស East Sihanouk Special Economic Zone កំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយរង់ចាំតែការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
លោកបន្តថា East Sihanouk Special Economic Zone គ្រោងនឹងវិនិយោគ ក្នុងទឹកប្រាក់ប្រហែល៥០០លានដុល្លារ លើផ្ទៃដីទំហំ៣៤០ហិកតា ស្ថិតក្នុងឃុំបិតត្រាំង និងឃុំអូរឧកញ៉ាហេង នៃស្រុកព្រៃនុប ខេត្តព្រះសីហនុ។
តាមផែនការ East Sihanouk Special Economic Zone នឹងចែកចេញជាតំបន់ផ្សេងៗជាច្រើន ដូចជា តំបន់លំនៅឋាន កន្លែងលក់ទំនិញ តំបន់រោងចក្រ/សហគ្រាសខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ គម្រោងនេះចែកចេញជា៣ ដំណាក់កាល ដោយដំណាក់កាលទី១ នឹងធ្វើលើផ្ទៃដីទំហំ៩០ហិកតា។
លោកបានថ្លែងថា “យើងកំពុងរង់ចាំអនុក្រឹត្យ របស់រាជរដ្ឋាភិបាល នៅពេលទទួលបានយើងនឹងចាប់ផ្តើមអនុវត្តន៍ភ្លាម ខណៈបច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ផ្លូវដែលមានទំហំ(ទទឹង)២០ម៉ែត្រ បានប្រវែងប្រហែលជាង ១,៥គីឡូម៉ែត្ររួចហើយ ដើម្បីតភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ទីតាំងគម្រោង”។
លោកបានលើកឡើងថា ការបត់បែនដ៏ឆាប់រហ័សនៃបរិបទនយោបាយ និងសេដ្ឋកិច្ចសកល ជាពិសេសក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដែលដឹកនាំដោយលោកដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកមានប្រែប្រួលយ៉ាងខ្លាំង។
លោកបន្តថា ជម្លោះពាណិជ្ជកម្ម និងវិធានការដំឡើងពន្ធចំពោះទំនិញនាំចូលទីផ្សារអាមេរិក ពីប្រទេសមួយចំនួន ដូចជា ចិន កាណាដា និងម៉ិកស៊ិក បានជំរុញឱ្យវិនិយោគិនខ្លះ សម្រេចផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេ មកកាន់ប្រទេសអភិវឌ្ឍន៍តិចតួចដូចជា កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេស នឹងដើរតួនាទីសំខាន់ ក្នុងការស្រូបទាញក្រុមហ៊ុនទាំងអស់នោះឱ្យចូលមកបើករោងចក្រនៅកម្ពុជា។
លោកបានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបើករោងចក្រ/សហគ្រាសនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផងដែរ។
ទាក់ទងនឹងចំនួនក្រុមហ៊ុន ដែលគ្រោងទៅបើករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស East Sihanouk Special Economic Zone លោក សុធី បានឲ្យដឹងថា មានក្រុមហ៊ុនមួយចំនួនបានទាក់ទងរួចហើយ ដោយភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន។
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI បាននិយាយថា គោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យបោះជំហានទៅមុខយ៉ាងលឿន តាមរយៈការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងនៅក្នុងតំបន់-ពិភពលោក ការបង្កើនផលិតភាព ការពង្រីកទីផ្សារនាំចេញ ព្រមទាំងបានចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត លើគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន ១០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ៨៥០លានដុល្លារ និងអាចបង្កើតការងារបាន៤ពាន់កន្លែង៕