កម្ពុជា-ជប៉ុនប្រជុំគណៈកម្មាធិការចម្រុះលើកទី២៩ជាមួយការលើកឡើងពីបញ្ហាប្រឈមនិងកាលានុវត្តន៍ភាព

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី

១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក UENO Atsushi ឯក​អគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 29th Cambodia-Japan Joint Committee Meeting)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។

កិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ដែលបានព្រាងទុក ដោយអង្គប្រជុំបានលើកយក ប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុល រួមមានជាអាទិ៍ទី១ ការគ្រប់គ្រងបទប្បញ្ញត្តិបរិស្ថាន ទី២ កិច្ចការរដ្ឋបាលនិងធនធានមនុស្ស នៅតាមសហគ្រាស/គ្រឹះស្ថានទី៣ វិស័យពន្ធដារ ទី៤ វិស័យពាណិជ្ជកម្ម ទី៥វិស័យភស្តុភារកម្ម និងទី៦ ការផ្គត់ផ្គង់ថាមពល និងផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត នៃប្រវត្តិប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង(តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា៣០ឆ្នាំ) និងគម្រោងវិនិយោគដែលបានអនុម័ត ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង១១០គម្រោងផងដែរ។

តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញ ពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងនាមជាសហប្រធានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី២៩ នេះថា ឯកឧត្តមពិតជាមានអារម្មណ៍កក់ក្តៅ និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការយកចិត្តទុកដាក់

លោកបន្តថា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត មកលើវិស័យឯកជន។ តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក៏ដូចជាវេទិកានានា បានផ្តល់នូវឱកាសឱ្យវិនិយោគិន បានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះសមស្រប ដែលធ្វើឱ្យពួកគេកាន់មានភាពទុកចិត្ត ក្នុងការបន្តវិនិយោគ និងផ្សព្វផ្សាយ ទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជា អគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) បានធ្វើបទបង្ហាញ អំពីរបាយការណ៍បញ្ចប់គម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជា ប្រកបដោយចីរភាព” និងបានធ្វើការប្រគល់របាយការណ៍នោះជូន លោកឧបនាយករដ្ឋមន្ត្រី ទុកជាឯកសារមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា បានកាន់តែច្រើនឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here