ធនាគារកាន់តែផ្ដល់ភាពងាយស្រួលតាមរយៈការវិនិយោគលើបច្ចេកវិទ្យា សម្រាប់អតិថិជន

ដោយលក្ខិណា

ភ្នំពេញៈ នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ននេះ កំពុងតែផ្ដល់ភាពងាយស្រួលបន្ថែមទៀត ដល់អ្នកប្រើប្រាស់របស់ខ្លួន តាមរយៈការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដូចជាការទូទាត់នានា ដោយលែងប្រើប្រាស់ក្រដាសប្រាក់ និងងាកមកប្រើប្រាស់បច្ចេកវិទ្យាតាមទូរសព្ទដៃជំនួសវិញ។

ជាការកត់សម្គាល់នៅក្នុងពេលបច្ចុប្បន្ន ទាំងធនាគារ និងមីក្រូហិរញ្ញវត្ថុបានបង្កើតនូវបច្ចេកវិទ្យា សម្រាប់ការចាយវាយការទូទាត់ផ្សេងៗជាច្រើនទៀត ហើយក៏បានជំរុញឱ្យប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ខ្លួន ងាកមកប្រើប្រាស់តាមបច្ចេកវិទ្យា ហើយក៏ទទួលបានការគាំទ្រច្រើនផងដែរ ។

លោកបណ្ឌិតអ៊ិន ចាននី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍កន្លងមកថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យធនាគារ នៅពេលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រពីសាធារណជន ដោយសា​រតែមធ្យោយបាយក្នុងការទូទាត់ថ្មីនេះ វាបានផ្ដល់ភាពងាយស្រួលសុវត្ថិភាព និងមិនព្រួយបារម្ភ ពីការទុកដាក់ប្រាក់នោះដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ត “មធ្យោបាយទូទាត់ថ្មីៗនេះ មានច្រើនសម្រាប់ជ្រើសរើស ដោយមិនប្រើក្រដាសប្រាក់ដូច ជាការទូទាត់តាមប្រព័ន្ធ QR Code ការទូទាត់ដោយប្រើម៉ាស៊ីន POS ជាដើម”។ លោកបន្តថា “សេវាកម្មទាំងនេះ វាពិតជាផ្ដល់ភាពងាយស្រួលដល់អតិថិជន ព្រោះវាមិនចាំបាច់ឱ្យអ្នកប្រើប្រាស់នោះ កាន់ប្រាក់ទូទាត់ផ្ទាល់ ហើយក៏មិនចាំបាច់ធ្វើដំណើរទៅកាន់កន្លែងទូទាត់ ដែលជាការសន្សំខ្ពស់សម្រាប់អតិថិជន”។

ដោយឡែកលោកគា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេបាននិយាយផងដែរថា ការបង្កើតមធ្យោ​បាយទូទាត់ ដោយមិនប្រើក្រដាសប្រាក់ គឺជាអ្វីដែលអតិថិជនចង់បាន នៅក្នុងសម័យប  ច្ចេកវិទ្យាទំនើបនៅពេលនេះ។

លោកបន្តថា “សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ក៏បានបង្កើតនូវការទូទាត់តាមបច្ចេកវិទ្យានេះដែរ ដោយអតិថិជនគ្រាន់តែដោនឡូតកម្មវិធីរបស់អេអឹមខេ ហើយទូទាត់នៅតាមដៃអាជីវកម្មដោយប្រើQR នោះអតិថិជនមិនមានប្រាក់ជាប់ខ្លួន ក៏មិនមានបញ្ហាដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here