ផ្សារ​ហ៊ុន​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទី៣នៅ​អាស៊ី​បាន​ហក់​ឡើង​ខ្ពស់​បន្ទាប់​មាន​ក្តី​សង្ឃឹមលើ​ការផលិត​វ៉ាក់សាំង

ដោយ ម៉ា ណេ​ត

ភ្នំពេញៈ ផ្សារ​ហ៊ុន​របស់​ប្រទេស​ជប៉ុន​បាន​កើនឡើង​វិញ ជា​កំណើន​រយៈពេល៥សប្តាហ៍​ជាប់​គ្នា ដោយសារ​មាន​ក្តី​សង្ឃឹមលើ​ការផលិត​វ៉ាក់សាំង និង​សុទិដ្ឋិនិយម​អំពី​ការរំពឹងទុក និង​ការ​កំណើនសេដ្ឋកិច្ច​លឿន​រហ័ស។

ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​បាន​រំពឹងថា ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន នឹង​កើនឡើង​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស​ន្ទ​ស្សន៍​ក្រុមហ៊ុន Nikkei បាន​កើនឡើង​ខ្ពស់១,៥៩ភាគរយ បន្ទាប់ពី​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី១០ ខែមិថុនា។

ភាគហ៊ុន​មាន​កើនឡើង បន្ទាប់ពី​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា របស់​សហរដ្ឋអាមេរិក​ឈ្មោះថា​Moderna Incបាន​លើកឡើងថា វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ តាម​ការពិសោធ​របស់​ខ្លួន​បាន​បង្ហាញថា វា​មាន​សុវត្ថិភាព និង​បង្កឱ្យមាន​ការបង្កើន​ភា​ព​ស៊ាំ នៅក្នុង​ការសិក្សា​ដំណាក់កាល​ដំបូង។

លោក Kiyoshi Ishigane ប្រធាន​មូលនិធិ​នៅ​ក្រុមហ៊ុន Mitsubishi UFJ Kokusai Asset Management បាន​មានប្រសាសន៍ថា“ ភាគហ៊ុន​របស់​ប្រទេស​ជប៉ុន កំពុង​ចាប់  ផ្តើម​តាម​ការកើនឡើង” ។

លោក​បាន​បន្តថា “នៅក្នុង​រូបភាព​ធំ​ជាង​នេះ ការរំពឹងទុក​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅតែ​រឹងមាំ។ ឥឡូវនេះ​យើង​មាន​វិធីសាស្ត្រ​ល្អប្រសើរ​ជាង​មុន ដើម្បី​តាមដាន​ជំងឺ​នេះ ហើយ​មានការ​វិវឌ្ឍន៍​បន្ថែម​ទៀត​ក្នុងការ​អភិវឌ្ឍ​ថ្នាំ ដើម្បី​ព្យាបាល​វា” ។

ទិន្នន័យថ្មីៗពី​ប្រទេស​សេដ្ឋកិច្ចធំៗជាច្រើន បានបង្ហាញ​សញ្ញា​ថា សកម្មភាព​សាជីវកម្ម និង​ការចំណាយ​របស់​អតិថិជន កំពុង​ងើបឡើង​វិញ​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ ។

ទន្ទឹមនឹង​នេះដែរ ធនាគារកណ្តាល​ជប៉ុន ក៏បាន​បន្ត​រក្សា​គោលនយោបាយ​រូបិយវត្ថុ​ឱ្យមាន​ស្ថេរភាព​នៅ​ថ្ងៃ​ពុធ និង​រក្សា​ទស្សនៈ​របស់ខ្លួន​ថា សេដ្ឋកិច្ច​នឹង​ងើបឡើង​បន្តិចម្តងៗនាពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here