ដោយ៖ វុទ្ធី
ភ្នំពេញ៖ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងគំហុគក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២០ បន្ទាប់ពីមានព្រឹត្តិការណ៍ជាច្រើន បានជំរុញឱ្យការផ្គត់ផ្គង់កើនឡើង ខណៈតម្រូវការមានការថយចុះក្នុងពេលតែមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តសាស្រ្ត។
ប្រេងប្រភេទ Brent ជាប្រេងមួយ ក្នុងចំណោមប្រភេទប្រេងជាច្រើន បានកើនដល់ជាង ៥០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងគិតចាប់ពីខែមីនា ដែលប្រេងឆៅបានធ្លាក់ថ្លៃ ១៨ ដុល្លារ។ គិតត្រឹមម៉ោង ៣:៣០នាទីនៅថ្ងៃនេះ តម្លៃប្រេងប្រភេទ Brent បានឡើងដល់ ៥០.៧០ ដុល្លារ បន្ទាប់ពីចាប់ផ្តើមលក់ក្នុងតម្លៃប្រហែល ៤៩ ដុល្លារក្នុងមួយបារ៉ែល។
ប្រេងរបស់អាមេរិកទៀត WTI ក៏បានបង្ហាញពីកំណើនជាង ៣.៧% នៅថ្ងៃទី១០ ខែធ្នូឈាន ដល់ ៤៧,២៤ ដុល្លារជាលើកដំបូង ចាប់តាំងពីថ្ងៃទី ៣ ខែមីនា។
ប្រេងនេះ បានទទួលរងនូវការធ្លាក់ចុះយ៉ាងអាក្រក់បំផុតនៅឆ្នាំ២០២០ ដោយបានធ្លាក់ចុះដល់តម្លៃអវិជ្ជមាននៅថ្ងៃទី២០ ខែមេសា។
ប្រេងឆៅ បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយរបស់ខ្លួន នៅដើមខែវិច្ឆិកានេះ ចំពេលដែលមានការរំពឹងទុកសម្រាប់លទ្ធផលនៃការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដំបូងបង្អស់របស់លោកខាងលិច ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer, Moderna និង AstraZeneca។
ក្រុមហ៊ុនបានប្រកាសថា វ៉ាក់សាំងមានប្រសិទ្ធភាពជាង ៩០% ដែលជំរុញក្តីសង្ឃឹមបន្ថែមទៀត សម្រាប់ការបញ្ចប់នៃជំងឺរាតត្បាត និងការកើនឡើងនូវតំរូវការប្រេង ទោះបីជារដ្ឋនៅអឺរ៉ុបជាច្រើន រួមជាមួយសហរដ្ឋអាមេរិក បានជួបប្រទះនូវរលកឆ្លងថ្មីនៃជំងឺកូវីដ១៩៕ Sputnik