ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ( ARDB ) បានបញ្ចេញឥណទានសរុបប្រមាណជិត២៣០លានដុល្លារអាមេរិកទៅលើវិស័យ៣សំខាន់រួមមានវិស័យកសិកម្ម កសិកឧស្សហកម្ម វិស័យ SME ព្រមទាំងអាជីវកម្មខ្នាតតូចៗនៅក្នុងស្រុកផងដែរ ។
បើតាមលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា ក្នុងចំណោមឥណទានដែលបានផ្ដល់ទៅក្នុងវិស័យសំខាន់ៗនោះគេឃើញថាវិស័យស្រូវអង្ករ សហគ្រាសធុនតូច និងមធ្យម ទទួលបានការផ្ដល់ឥណទានច្រើនជាងគេដែលមានរហូតដល់៧០ភាគរយ ក្នុងនោះដូចជាការដាំបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងទៅលើវារីវប្បកម្ម ជាដើម ។
លោកបន្តថា កន្លងមករាជរដ្ឋាភិបាលបានទំលាក់កញ្ចប់ថវិកាប្រមាណ៥០លានដុល្លារអាមេរិកសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២០នេះ ហើយរហូតមកដល់ពេលនេះ ថវិកា៥០លានដុល្លារនេះ នៅសល់ត្រឹមតែ១៥ទៅ២០ភាគរយប៉ុណ្ណោះ ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទទួលបានប្រាក់កម្ចីពីធនាគារ ត្រូវតែមានរបស់ដាក់ធានាបំណុល ដូចជា ប្លង់ដី និងរបស់មានតម្លៃផ្សេងៗទៀត ហើយបើសិនទាក់ទងស្រូវអង្ករវិញ គឺអាចដាក់ស្តុកស្រូវអង្ករ ជារបស់ធានាបំណុលបាន ។
លោកបន្ថែមថា ក្នុងឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានគោលបំណងជួយជំរុញការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិពី ៧០ទៅ ៨០ម៉ឺនតោន សម្រាប់ឆ្នាំនេះ ក៏ដូចជាទៅតាមផែនការ ១លានតោន នាពេលខាងមុខ ខណៈឆ្នាំ ២០២០នេះ ធនាគារបានផ្តល់កម្ចីទៅលើវិស័យស្រូវអង្ករច្រើនជាងឆ្នាំ ២០១៩ ។
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ១៩នេះ អ្វីដែលជាតម្រូវការសម្រាប់ពិភពលោកនិងមិនថមថយនោះ គឺស្បៀងអាហារ ដូច្នេះការវិនិយោគលើវិស័យកសិកម្មគឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវលើកទឹកចិត្ត និងជំរុញឱ្យមានការវិនិយោគទាំងតូចទាំងធំ និងជាលក្ខណៈគ្រួសារផងដែរ ៕