កម្មវិធីភាពជាដៃគូប្រចាំប្រទេស នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែម

ដោយ៖ សាវុធ
ភ្នំពេញ៖ កម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសទទួលបានការអនុវត្តន៍ជាគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO) បន្ទាប់ពិធីចុះហត្ថលេខាតាមប្រព័ន្ធ Online ស្តីពីកម្មវិធីភាព PCP នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ភាពជោគជ័យនេះ កើតឡើងតាមរយៈដំណើរទស្សនកិច្ចស្វែងរកការពិតរបស់លោក លី យ៉ុង អគ្គនាយកអង្គការ (UNIDO) នៅកម្ពុជាកាលពីកំឡុងខែមេសា ឆ្នាំ២០១៧ ហើយមានជំនួបសវនាការប្រកបដោយផ្លែផ្កា ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅទីក្រុង VIENNA ប្រទេសស្វីស លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក លី យ៉ុង អគ្គនាយកអង្គការ UNIDO បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៌រួមលើកម្មវិធី PCP សម្រាប់ប្រទេសកម្ពុជា ដែលមានរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣ ដែលកត្តានេះកម្ពុជា បានក្លាយជាប្រទេសមួយក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកក្នុងការអនុវត្តន៍ជាគំរូនៃគំនិតផ្តួចផ្តើមកម្មវិធី PCP។
លោក ចម ប្រសិទ្ធ បានថ្លែងថា PCP សម្រាប់កម្ពុជា បានផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៌ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZ)។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវមោទនភាព ដែលកម្មវិធី PCP រួមនិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌ ត្រូវបានចុះហត្ថលេខាជាផ្លូវការសម្រាប់ការអនុវត្តន៍គម្រោងកម្មវិធី បើទោះបីយើងកំពុងជួបប្រទះវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។
លោកបានថ្លែងថា ជាការពិតណាស់កម្មវិធី PCP នេះ បានធ្វើឲ្យមានភាពស៊ីសង្វាក់ និងបញ្ចូលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ តាមរយៈការផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងក៏ដូចជាការវិនិយោគឯកជន សាធារណៈ ក្នុងស្រុក និងបរទេស។
លោកបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា PCP នឹងក្លាយកំលាំងចលករបន្ថែមដ៏សំខាន់មួយសម្រាប់ផែនទីបង្ហាញផ្លូវរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ។
លើសពីនេះទៀតនឹងត្រូវបានបំពេញបន្ថែមដោយអន្តរាគមន៍ជាអន្តរវិស័យនៅក្នុងវិស័យគោលនយោបាយនិងស្ថិតិឧស្សាហកម្ម -ហេដ្ឋារចនាសម្ព័ន្ធគុណភាព -ការវិនិយោគនិងការលើកកម្ពស់ពាណិជ្ជកម្ម-ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងលទ្ធភាពទទួលបានហិរញ្ញវត្ថុ -ការអភិវឌ្ឍជំនាញ-ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីនិងការងារសមរម្យសម្រាប់យុវជន-ប្រសិទ្ធិភាពភាពធនធាននិងបច្ចេកវិទ្យាថាមពលប្រកបដោយនិរន្តរភាព-ការផ្ទេបច្ចេកវិទ្យា និងការច្នៃប្រឌិត-ការគ្រប់គ្រងបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា “ការដាក់ឱ្យដំណើរការជាផ្លូវការនៃ PCP នេះគឺមានភាពទាន់ពេលវេលានិងចាំបាច់នៅពេលដែលយើងត្រូវរួមកម្លាំងនិងកៀរគរប្រភពធនធានដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើងក្នុង “ភាពប្រក្រតីថ្មីឡើងវិញ”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here