ដោយ:គង់ សូរិយា
ភ្នំពេញ: ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តរៀបចំឥណទានដំណាក់កាលទី២ ជូនដល់អតិថិជន ដោយអាចស្នើរសុំទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានភាពអនុគ្រោះនេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១។
នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក ផល វ៉ាន់ឌីកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០កន្លងមកបានមានប្រសាសន៍ថា ការរៀបចំឥណទានឡើងវិញនេះ កន្លងមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានដោះស្រាយជូនអតិថិជនជាច្រើននាក់ហើយ ដែលរាប់ទាំងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ និងរងគ្រោះទឹកជំនន់។
លោកបន្តថា ជាក់ស្តែងចន្លោះខែមេសា រហូតដល់ខែមិថុនាកន្លងទៅ ការសើ្នរសុំរៀបចំឥណទានឡើងវិញមានតម្រូវការខ្ពស់ បន្ទាប់ចន្លោះខែកក្កដា ដល់ខែកញ្ញា ការស្នើសុំមានការធ្លាក់ចុះ និងពីចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា នៅតែបន្តធ្លាក់ចុះដូចគ្នាដែរ។
លោកបញ្ជាក់ថា ដោយមានការអនុញ្ញាតិពីធនាគារជាតិនៃកម្ពុជា សមាជិករបស់សមាគមទាំងអស់ នឹងបន្តរៀបចំឥណទានរហូតដល់ខែមិថុនា ឆ្នាំ២០២១ ចំពោះអតិថិជនរងផលប៉ះពាល់ខាងលើ គឺអាចស្នើរសុំទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានភាពអនុគ្រោះជាបន្ត ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅពួកគាត់ឲ្យល្អប្រសើរឡើង។
ដំណាក់កាលទី១ នៃការរៀបចំឥណទានឡើងក្នុងវិបត្តិកូវីដ១៩ ដើម្បីជួយសម្រួលដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានចូលរួមយ៉ាងសកម្មតាមការអំពាវរបស់ប្រមុខរដ្ឋាភិបាល ក្រសួងស្ថានប័នពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងនោះអតិថិជនរងផលប៉ះពាល់ដោយសារកូវីដ១៩ មានប្រមាណជាង២៧ម៉ឺននាក់ ស្មើរទំហំទឹកប្រាក់សរុបប្រមាណជាង១,៣០០លានដុល្លាអាមេរិក។
ការរៀបចំឥណទានឡើងវិញ គឺជាគោលការណ៍ពិសេសមួយ ក្នុងនោះអតិថិជនមួយចំនួនទទួលបានការអនុគ្រោះបង់ការប្រាក់ រយះពេល៦ខែ និងអតិថិជនខ្លះផ្អាកបង់ទាំងការប្រាក់និងប្រាក់ដើម ក្នុងរយះពេលពី៣ទៅ៦ខែផងដែរ៕