អ្នកជំនាញនិងវិនិយោគិនអចលនទ្រព្យជាច្រើនសាទរនិងរំពឹងពីផលវិជ្ជមាន នៃវ៉ាក់សាំងកូវីដ១៩

        ដោយៈលក្ខិណា

ភ្នំពេញៈ អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើនរូប បានសាទរនូវដំណឹងពីការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈកម្ពុជាក៏បានត្រៀមសម្រាប់ទិញវ៉ាក់សាំងក្នុងការចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធី បានមានប្រសា​សន៍ឲ្យដឹងតាមទូររស័ព្ទនាព្រឹកថ្ងៃទី១១ ធ្នូនេះថា នៅពេលលឺថាពិភពលោកបានរកឃើ​ញ និងកំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ពលរដ្ឋ គឺជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជាផងដែរ ព្រោះវាអាចទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ។

លោកបន្តថា “នៅពេលដែលមានវ៉ាក់សាំងហើយ អ្នកវិនិយោគនឹងអាចចេញធ្វើសកម្មភាព បណ្ដើរៗដោយការសាកល្បង ហើយបន្ទាប់មកទៀត ភ្ញៀវទេសចរ ក៏ចាប់ផ្ដើមធ្វើដំណើរកម្សាន្តបន្តបន្ទាប់ផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩នេះដែរ អចលនទ្រព្យកម្ពុជាមិនទាន់មានធ្លាក់ចុះធ្ងន់ធ្ងរនោះទេ ក៏ប៉ុន្តែទទួលស្គាល់ថាវាពិតជារងផលប៉ះពាល់ ។ តម្លៃអចលនទ្រព្យតំបន់ខ្លះនៅរក្សាបានល្អ តែតំបន់ខ្លះទៀតក៏បានធ្លាក់ចុះដែរ ក្នុងកម្រិតតិចតួច ដោយសារតម្ចាស់អចលនទ្រព្យ ដែលរងផលប៉ះពាល់ពីកូវីដ១៩ ត្រូវការថវិកាដើម្បីដោះស្រាយបញ្ហាបន្ទាន់ទើបត្រូវលក់ក្នុងតម្លៃទាបជាងទីផ្សារ។

លោកបន្ថែមថា “បើសិនជាវ៉ាក់សាំង ប្រឆាំងកូវីដ១៩មានប្រសិទ្ធភាពនិងអាចទប់ស្កាត់ការឆ្លងរាលដាលបាននោះ វិស័យអចលនទ្រព្យកម្ពុជាចាប់ផ្ដើមកម្រើកឡើង នៅឆ្នាំក្រោយនេះ ដោយចាប់ផ្ដើមចេញពីអ្នកវិនិយោគក្នុងស្រុក និងបន្តតាមដោយវិនិយោគិនក្រៅស្រុក”។

ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បាននិយាយផងដែរ អ្វីដែលពលរដ្ឋទូទាំងពិភពលោកចង់បាននោះ គឺវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩នេះតែម្ដង ព្រោះថាវិបត្តិម្ដងនេះគឺបង្កឡើងដោយជំងឺកូវីដ១៩ ហើយនៅពេលដែលពិភពលោកបញ្ឈប់ការឆ្លងរាលនៃជំងឺនេះបាន វានឹងបញ្ចប់វិបត្តិព្រមទាំងអាចធ្វើឱ្យវិស័យផ្សេងៗ ដែលគាំទ្រកំណើនសេដ្ឋកិច្ចងើបឡើងវិញបានដូចគ្នា។

លោកបានបន្តថា “កូវីដ១៩បានធ្វើឱ្យសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យកម្ពុជា ធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេលថ្មីៗនេះ ក៏ប៉ុន្តែទោះស្ថិតក្នុងវិបត្តិយ៉ាងនេះក្ដី ក៏វាមិនមែនមានន័យថា អត់សកម្មភាពសោះនោះទេ”។ លោកបន្តថា “ការទិញលក់អចលនទ្រព្យនៅតែមានសកម្មភាពហូរហែ តែការទិញលក់ឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំ ២០១៩​កន្លងទៅគឺមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់”។

រដ្ឋាភិបាលបានប្រកាសពីការទិញវ៉ាក់សាំង និងប្រកាសឱ្យក្រសួងសុខាភិបាលនិងសេដ្ឋកិច្ចសង់ឃ្លាំងសម្រាប់ស្តុកវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋ ។ក្នុងនោះដែរ មានការព្យារកណ៍ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅអំឡុងខែមីនា ដើមឆ្នាំ ក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here