ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងងើបឡើងលឿនជាងការរំពឹងទុក

ដោយ៖ សុខុម

ញូវដេលី៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចឥណ្ឌា សម្រាប់ឆ្នាំ២០២០-២០២១ ពី ៩% មកនៅត្រឹម ៨%។ ទោះជាយ៉ាងណា ធនាគារនេះនៅតែសរសើរថា វាជាការងើបឡើងលឿនជាងការរំពឹង។ នេះបើយោងតាមកាសែត Times of India ចុះផ្សាយក្នុងថ្ងៃដដែល។

ដោយសង្កេតឃើញថា សេដ្ឋកិច្ចឥណ្ឌា បានចាប់ផ្ដើមវិលមករកស្ថានភាពធម្មតាវិញ របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook) នៃធនាគារនេះបានលើកឡើងថា កំណើន ៧,៥% ក្នុងត្រីមាសទី២ គឺពិតជាលឿនជាងការរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានគូសបញ្ជាក់ថា “ការព្យាករណ៍អំពី GDP (ផលិតផលក្នុងស្រុកសរុប) សម្រាប់ឆ្នាំសារពើពន្ធ២០២០ ត្រូវបានកែសម្រួលពីកំណើន ៩% មកនៅ ៨% ដោយ GDP ក្នុងត្រីមាសទី២ ប្រហែលជាស្មើនឹងទំហំកំណើនមួយឆ្នាំមុននេះ។ ការព្យាករណ៍អំពីកំណើនសម្រាប់ឆ្នាំ២០២១ គឺត្រូវបានរក្សានៅ ៨% ដដែល”។

របាយការណ៍នេះលើកឡើងថា ការព្យាករណ៍របស់ខ្លួនមុននេះអំពីកំណើនសេដ្ឋកិច្ចនៅអាស៊ីខាងត្បូង ៦,៨% ត្រូវបានបន្ទាបមកនៅ ៦,១% ដើម្បីឱ្យស្របទៅនឹងការកែសម្រួលការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចឥណ្ឌា។

របាយការណ៍នេះបានបន្ថែមថា សម្រាប់ឆ្នាំ២០២១-២០២២ សេដ្ឋកិច្ចនៅអាស៊ីខាងត្បូង នឹងកើនឡើងទៅដល់ ៧,២% វិញ និង ៨% នៅក្នុងប្រទេសឥណ្ឌា។

កាលពីដើមខែនេះ លោក សាកទីកាន់តា ដាស (Shaktikanta Das) ទេសាភិបាលនៃធនាគារកណ្ដាលឥណ្ឌា បានលើកឡើងថា សេដ្ឋកិច្ចឥណ្ឌា បានងើបឡើងលឿនជាងការរំពឹងទុក ហើយអត្រាកំណើនទំនងជាមានផលវិជ្ជមាននៅក្នុងឆមាសទី២ នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន។

ក្នុងរយៈពេលពេញមួយឆ្នាំ សេដ្ឋកិច្ចទំនងជាងើបឡើង ៧,៥% ធៀបនឹង ៩,៥% ដែលធនាគារកណ្ដាលឥណ្ឌា បានព្យាករមុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here